(ព្រះសីហនុ)៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ពីជនជាតិចិនដែលឈរនិយាយទូរស័ព្ទនៅតាមដងផ្លូវ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទជនជាតិបរទេសភ្លាម លោកបានបញ្ជាកម្លាំង ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់។

ក្នុងនោះ ជនសង្ស័យទាំង៤នាក់ រួមមាន៖

*ទី១៖ឈ្មោះ លី វុត្ថា ហៅ សេក អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Gets ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ
*ទី២៖ឈ្មោះ ម៉ី បុណ្ណទិត្យាសីហាដុល្លា ហៅឡា អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Gets ស្នាក់នៅភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ
*ទី៣៖ឈ្មោះ ហេង ពេជ្រ អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
*ទី៤៖ឈ្មោះ នាង រីវីរក្ស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន E-Gets ស្នាក់នៅភូមិ០១ សង្កាត់០២ ក្រុងព្រះសីហនុ។

សម្ភារវត្ថុតាងចាប់យកបាន ម៉ូតូ២គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1K-6517 (ជាមធ្យោបាយធ្វើសកម្មភាព) និងម៉ាក Honda Scoopy ឆ្នាំ២០១៩ ពណ៌ស ផ្លាកលេខព្រះសីហនុ1H-7771, ទូរស័ព្ទម៉ាក iPhone 8Plus ពណ៌ខ្មៅ១គ្រឿង, ម៉ាក oppo ពណ៌ក្រហម១គ្រឿង និងម៉ាក iPhone 13 pro max ពណ៌ខៀវ។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕