(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះចែកអំណោយជាច្រើនដល់កុមារកំព្រា និងជនពិការ ព្រមទាំងលោកគ្រូ អ្នកគ្រូ ចំនួន៤មណ្ឌលកុមារកំព្រា ក្នុងខេត្តព្រៃវែង ដែលអំណោយទាំងនោះ រួមមាន ស្បែកជើងចំនួន២១១គូ កញ្ចប់សៀវភៅសិក្សាចំនួន២១១កញ្ចប់ និងបានឧបត្ថម្ភអង្ករចំនួន១២តោន ជូនមណ្ឌលទាំង៤នោះ ក្នុង១ឆ្នាំៗ។
ក្នុងឱកាសសប្បុរសធម៌នេះ លោក ស សុខា បានថ្លែងលើកទឹកចិត្តដល់ក្រុមកុមារកំព្រាទាំងនោះថា «ខ្ញុំនឹងឧបត្ថម្ភដល់ប្អូនៗ ដែលរៀនថ្នាក់ទី១២ ឱ្យមានលទ្ធភាពរៀនគួរបន្ថែម ដោយឥតគិតថ្លៃ រយៈពេល៤ខែ មុនប្រឡងបាក់ឌុប ដោយបន្ថែមថវិកាឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ, ផ្តល់អាហារូបករណ៍ដល់ប្អូនៗ ក្រោយបញ្ចប់ថ្នាក់ទី១២ ចំនួនជាង២៥០កន្លែង ហើយពិសេស ប្អូនៗដែលជាប់បាក់ឌុបទទួលបាននិទ្ទេស A ខ្ញុំនឹងប្រគល់ម៉ូតូ១គ្រឿង»។
លោក ស សុខា បានសម្ដែងនូវការយកចិត្តដាក់ ចំពោះប្រជាពលរដ្ឋ និងក្មេងៗកុមារកំព្រា ដោយបានទទូចថា «ខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋ និងប្អូនៗ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះប្រសិនបើ កាលណាគ្រួសារមួយ បាត់បង្គោលគ្រួសារ ធ្វើឱ្យបាត់បង់សេដ្ឋកិច្ចក្នុងគ្រួសារ និងប៉ះពាល់ដល់សង្គមជាតិ ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ពិសេសអ្នកកំពុងប្រើប្រាស់ត្រូវបញ្ឈប់ជាបន្ទាន់ កុំឱ្យសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ដែលនាំឱ្យខូចកិត្តិយសក្រុមគ្រួសារ និងសង្គមជាតិ ផងដែរ»។
លោកបានបញ្ជាក់ថា រូបលោកផ្ទាល់ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងមកជួបជាមួយប្រជាពលរដ្ឋ លោកកគ្រួ អ្នកគ្រួ ក៏ដូចជាក្មេងៗកុមារកំព្រា រៀងរាល់១ឆ្នាំម្តង ហើយកាលពីឆ្នាំមុន លោកក៏បានទៅទីនោះជាញឹកញាប់ផងដែរ ដោយបានរំលឹកពីអនុស្សាវរីយ៍ ពេលដែលលោកចុះទៅដល់ក្នុងមណ្ឌលកុមារកំព្រានោះ កាលឆ្នាំកន្លងទៅ៕