(ពោធិ៍សាត់)៖ ភាគីថៃ គ្រោងនឹងបើកដំណើរការ «ផ្សារណាត់» របស់ខ្លួននៅច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ទល់មុខច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ អាចដោះដូរ និងទិញទំនិញគ្នាទៅវិញទៅមក មុននឹងឈានដល់ដំណើរការបើកច្រកទ្វារព្រំដែននេះ ឲ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ។

នេះជាការលើកឡើងរបស់ លោក ឆាំណានវីត តេរ៉ាត់ អភិបាលខេត្តត្រាត នៅក្នុងកិច្ចប្រជុំពិក្សាគ្នា ជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២។

លោក ឆាំណានវីត តេរ៉ាត់ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្រាត លោកបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកជួបជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីរឹតចំណងសាមគ្គីភាព មានកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមខេត្តជាប់ព្រំដែននឹងគ្នា។ លោកបានជម្រាបជូនថា លោកបានប្រើប្រាស់អំណាច និងតួនាទីផ្ទាល់ ក្នុងការបង្កើតផ្សារណាត់មួយ នៅច្រកព្រំដែនបានថាសែន ទល់មុខច្រកព្រំដែនថ្មដា ដើម្បីឲ្យប្រជាពលរដ្ឋនៅជាប់ព្រំដែន នៃប្រទេសទាំង២អាចដោះដូរ និងទិញទំនិញគ្នា។ ជាមួយគ្នានោះ ប្រសិនបើសភាពការណ៍ពុំមានអ្វីប្រែប្រួលទេនោះ ផ្សារណាត់នេះ អាចនឹងចាប់ដំណើរការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ឆាប់ៗខាងមុខ។

លោកអភិបាលខេត្តត្រាត បានបន្ថែមថា ការព្យាយាមមួយទៀត ក្នុងការជំរុញសេដ្ឋកិច្ចនៃប្រទេសទាំង គឺលោកបានគិតគូរពីការរៀបចំធ្វើផ្សារណាត់ចល័តមួយ ដើម្បីឲ្យប្រជាជននៃខេត្តត្រាត អាចយកទំនិញមកលក់ដូរនៅខេត្តពោធិ៍សាត់បាន ហើយប្រជាជននៃខេត្តពោធិ៍សាត់ ក៏អាចយកទំនិញមកលក់ដូរនៅខេត្តត្រាតបានដែរ នោះដ៏រាបណាថ្នាក់ដឹកនាំ មន្ទីរជំនាញ នៃខេត្តទាំង២ បានជួយពិភាក្សា និងចុះMOUនឹងគ្នា។

លោកបានគូសបញ្ជាក់ថា ទាំងភាគីថៃ ក៏ដូចជាភាគីកម្ពុជា ចង់បានខ្លាំងណាស់ ក្នុងការពន្លឿន និងតម្លើងច្រកទ្វារព្រំដែនខាងលើ ឲ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិឲ្យបានឆាប់រហ័ស កត្តាសំខាន់នៅចំពោះមុខយើងនេះ យើងត្រូវដោះស្រាយបញ្ហាដែលសេសល់តាមព្រំដែនខ្លះ ហើយដំណើរការផ្សារណាត់ក៏ជាគ្រឹះដំបូងគេ ឈានដល់ការបើកច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។

គួរជម្រាបជូនថា យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ច្រកទ្វារព្រំដែនចំនួន៣ ដែលនៅសេសសល់មិនទាន់បានបើក ជាច្រកទ្វារអន្តរជាតិ រួមមាន៖

*ទី១៖ ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ទល់ច្រកទ្វារព្រំដែនអានម៉ា ខេត្តឧប៊ុនរាជធានី
*ទី២៖ ច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែនខេត្តត្រាត
*ទី៣៖ ច្រកទ្វារព្រំដែនជប់គគី ខេត្តឧត្តរមានជ័យ ទល់នឹងច្រកទ្វារព្រំដែនតាគូ ខេត្តបូរីរ៉ាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ អភិបាលខេត្តត្រាត ប្រទេសថៃ បានអញ្ជើញទៅត្រួតពិនិត្យទីតាំងធ្វើផ្សារណាត់ ព្រំដែនបានថាសែន ទល់មុខច្រកថ្មដា ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ព្រមទាំងពិនិត្យទីតាំងសាងសង់មជ្ឈមណ្ឌលរាជការច្រកព្រំដែនបានថាសែន ដែលត្រូវប្រើប្រាស់កញ្ចប់ថវិកា ប្រមាណ២០០លានបាត របស់ក្រសួងមហាផ្ទៃ ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថានថៃ សម្រេចអនុញ្ញាតឲ្យប្រើប្រាស់តំបន់ព្រៃឈើ សម្រាប់ការសាងសង់ ដើម្បីប្រមូលទិន្នន័យរួម សម្រាប់យកទៅជួបពិភាក្សាការងារ ជាមួយអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕