Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទណ្ឌិត២នាក់ រកស៊ីជួញដូរគ្រឿងញៀន នៅពន្ធនាគារខេត្តក្រចេះ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន

28-06-2016 18:07

(ក្រចេះ)៖ ទណ្ឌិតចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅក្នុងពន្ធនាគារខេត្តក្រចេះ ត្រូវកម្លាំងមន្រ្តីពន្ធនាគារ ចាប់ខ្លួនរួចប្រគល់ជូនការិយាល័យ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងពន្ធនាគារខេត្តក្រចេះ តែម្តង។

លោក ខ្វា សារ៉ន ប្រធានពន្ធនាគារខេត្តក្រចេះបានប្រាប់អង្គភាព Fresh News ថានៅក្នុងពន្ធនាគារ មន្រ្តីរបស់លោក បានធ្វើការឆែកត្រួតពិនិត្យចំនួន២ដង ក្នុង១ថ្ងៃ គឺព្រឹក១ដង ល្ងាច១ដង ហើយនៅព្រឹកមិញ មន្រ្តីរបស់លោកឆែក លើខ្លួនទណ្ឌិតដែលធ្វើការបោសសំអាត ខាងក្រៅក៏រកឃើញ ម្សៅពណ៌ស ក្នុងកញ្ចប់បារីហ្វីន ក្នុងហោប៉ាវ។

ក្រោយមានហេតុការណ៍បែបនេះកើតឡើង លោកបានរាយការណ៍ ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តក្រចេះ និងសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការរឿងនេះបន្តទៀត។

លោក គង់ ស៊ីដន ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីលោកទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំង សហការជាមួយមន្រ្តីពន្ធនាគារ ក្រោមការសម្របសម្រួលពីលោក ធុច បច្ចុះសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ បានឆែកឆេរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ៤កញ្ចប់ធំ ១៣កញ្ចប់មធ្យម និង២២កញ្ចប់តូចៗ សរុបចំនួន៣៩កញ្ចប់។ សម្រាប់ទណ្ឌិត ទី១ឈ្មោះ តែ លីទី អាយុ២៨ឆ្នាំ និងទី២ឈ្មោះ សៀង សុភា អាយុ៣១ឆ្នាំ។

បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជួនទៅសាលាដំបូងខេត្ត៕