(កណ្តាល)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានថ្លែងថា ក្រសួងនឹងដកហូតអាជ្ញាប័ណ្ណ ចំពោះក្រុមហ៊ុនប្រកបអាជីវកម្មរ៉ែសំណង់ទាំងអស់ ដែលធ្វើអាជីវកម្មខុសទីតាំង ខុសពេលម៉ោងអនុញ្ញាត និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស ហើយទទួលការព្រមាន ១ ដង ឬពីរដងនៅតែបន្តមិនរាងចាល ។
លោក ឌិត ទីណា បានលើកឡើងយ៉ាងដូច្នេះ ក្នុងវេទិការសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់អំពីគម្រោងការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយភក់របស់ក្រុមហ៊ុនចំនួន ៣ គឺ៖
ទី១. សហគ្រាស សុភារ័ត្ន អភិវឌ្ឍន៏ នៅតំបន់ដងទន្លេមេគង្គក្នុងភូមិសាស្រ្តឃុំថ្មគរស្រុកល្វាឯម និង ឃុំដីឥដ្ឋស្រុកកៀនស្វាយ
ទី២. ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន(ខេមបូឌា)អេនើជី ឌីវេឡុបមេន ក្នុងភូមិសាស្រ្តឃុំអរិយក្សត្រ និង
ទី៣. ក្រុមហ៊ុនសហគ្រាស ខេ ធី ដែលកំពុងដាក់ពាក្យស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងល្បាយភក់នៅភូមិសាស្រ្តឃុំទឹកឃ្លាំងស្រុកល្វាឯម ដោយមានការចូលរួមពីលោក បណ្ឌិត ម៉ៅ ភីរុណ អភិបាលខេត្តកណ្តាល មន្រ្តីមន្ទីរជំនាញ មន្រ្តីរាជកាជុំវិញខេត្ត-ស្រុក និងប្រជាពលរដ្ឋដែលរស់នៅតំបន់ភូមិភូមិសាស្ត្រ ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើអាជីវកម្មចំនួនជាង ៦០០ នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកបានបន្ថែមថា វេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់នារសៀលនេះ គឺក្នុងគោលបំណងធំ បី គឺ ទី១. ការណែនាំឲ្យស្គាស់គ្នារវាងអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនដែលនឹងមកធ្វើអាជីវកម្ម ទី២. បង្ហាញពីការទទួលខុសត្រូវរបស់ក្រសួងដែលមានមន្រ្តីជំនាញបច្ចេកទេស សហការជាមួយក្រុមហ៊ុន CES បានសិក្សាយ៉ាងច្បាស់លាស់ចំពោះទីតាំងដែលនឹងត្រូវអនុញ្ញាតឲ្យបូមស្តារតម្រង់ទិសទឹកហូរ ដើម្បីកាត់បន្ថយការបាក់ច្រាំងទន្លេ និងការទទួលខុសត្រូវលើកិច្ចសហការរបស់ប្រជាសហគមន៍មូលដ្ឋានជួយរាយការណ៍ទៅក្រសួងក្នុងករណីក្រុមហ៊ុនធ្វើខុសពីការអនុញ្ញាតរបស់អាជ្ញាប័ណ្ណ តាមរយៈទូរសព្ទ័ ០៩៥ ៧២៧ ៧២៧ និងទី៣.ផលប្រយោជន៏របស់សហគមន៍ ដែលនឹងទទួលបានថវិកាមួយចំនួនដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍មូលដ្ឋាន ។
ប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកាទាំងមូលបានសម្តែងការគាំទ្រចំពោះក្រសួងរ៉ែ និងថាមពល ដែលបានអនុញ្ញាតឲ្យមានអាជីវកម្មនេះ និងបានសំណូមពរឲ្យក្រុមហ៊ុនត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីមូលដ្ឋាន និងប្រជាពលរដ្ឋ និងត្រូវគោរពតាមអាជ្ញាបណ្ណ័របស់ក្រសួងរ៉ែ និងថាមពល ៕