(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រកាសនៅក្នុងជំនួបជាមួយក្រុមអ្នកសិល្បៈ ដែលបានយកញត្តិថ្កោលទោស ជនអនាមិក ទម្លាយរូបស្រាត នៅក្នុងក្រសួងវប្បធម៌ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកស្រីរដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមិថុនា នេះថា លោកស្រីនឹងធ្វើលិខិតមួយ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីជួយជម្រុញ និងអន្តរាគមន៍លើបណ្ដឹងរបស់តារាចម្រៀង វ៉ាន់ នីឡា ដែលបានប្ដឹងជនអនាមិកទម្លាយរូបស្រាតរបស់នាង នាពេលកន្លងមក។
អ្នកដែលចូលរួមក្នុងកិច្ចប្រជុំជាមួយលោកស្រីរដ្ឋមន្រ្តីនៅរសៀលថ្ងៃនេះបានឲ្យដឹងថា ជាមួយគ្នានេះបន្ទាប់ពីទទួលញត្តិ និងស្ដាប់តាមការរៀបរាប់នូវកំហុសឆ្គង របស់តារាចម្រៀង វ៉ាន់ នីឡា រួចមក លោកស្រីរដ្ឋមន្រ្តី ក៏បានប្រកាសនៅចំពោះមុខ អ្នកសិល្បៈទាំងអស់ដែលបានចូលរួមថា នឹងជួយតាមដានរឿងបណ្ដឹង របស់កញ្ញា វ៉ាន់ នីឡា នៅក្នុងក្រសួងមហាផ្ទៃ ដើម្បីឲ្យរឿងនេះឆាប់ទទួលបាននូវពន្លឺយុត្តិធម៌ ដែលនាងកំពុងតែទទួលរងគ្រោះ។
ដោយឡែក នៅក្នុងលិខិតថ្លែងអំណរគុណដល់សិល្បករ-សិល្បការិនី ដែលបានជួយជ្រោមជ្រែង គាំទ្រចំណាត់ការរបស់សមត្ថកិច្ច និងថ្កោលទោសអ្នកទម្លាយ រូបស្រាត កញ្ញា វ៉ាន់ នីឡា បញ្ជាក់ថា នាងមានការសោកស្ដាយជាពន់ពេក នូវទង្វើខ្វះការពិចារណា ព្រោះតែទឹកចិត្តងប់ងល់ជឿលើការអះអាងរបស់មនុស្ស ដែលខ្លួនស្រឡាញ់។ នេះជាមេរៀនដ៏ជូចត់ ជាកំហុសដ៏ធំធេង និងជាក្ដីអាម៉ាសបំផុត ចំពោះខ្លួនឯង ចំពោះគ្រួសារ និងអាចប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរទូទៅផងដែរ។ វ៉ាន់ នីឡា ក៏សូមធ្វើការសុំទោសជាសាធារណៈនូវកំហុសមួយនេះ។
ក្នុងលិខិតដដែលនោះ វ៉ាន់ នីឡា បានជម្រាបប្រាប់លោកស្រី រដ្ឋមន្រ្តីក្រសួងវប្បធម៌ថា នៅពេលនេះសមត្ថកិច្ច នៃក្រសួងមហាផ្ទៃកំពុងតែបើកការស៊ើបអង្កេតបឋម ក្នុងដំណើររឿងក្ដីរបស់នាង។ ជាមួយគ្នានេះ នាងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្រីរដ្ឋមន្រ្តី ក្រសួងវប្បធម៌ មន្រ្តីក្នុងស្ថាប័ន និងបង ប្អូនសិល្បករ រៀមច្បងគ្រប់ផ្នែកនៃសិល្បៈ ក៏ដូចជា «សមាគមសិល្បករខ្មែរ» និងតំណាងសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលបានមូលមតិគ្នា ធ្វើញត្តិគាំទ្រចំណាត់ការរបស់សមត្ថកិច្ច និងថ្កោលទោសអ្នកបញ្ចេញរូបស្រាត ដែលទាំងនេះ គឺជាការយកចិត្តទុកដាក់ជាធ្លុងមួយ ក្នុងចំណោមសិល្បករខ្មែរ និងមាកការសណ្ដោប្រណី ដ៏ធំធេងចំពោះរូបនាង។ វ៉ាន់ នីឡា ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកាយវិការ និងទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លែបាន នៅពេលនេះ។
សូមបញ្ជាក់ថា ជុំវិញសំណុំរឿងរបស់កញ្ញា វ៉ាន់ នីឡា ដែលបានប្ដឹងទៅក្រសួងមហាផ្ទៃ ស្វែងរកយុត្តិធម៌ កាលពីជាងមួយខែមុន ព្រោះតែជនអនាមិកទម្លាយរូបស្រាត នៅពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានប្រកាសថា សមាគមនឹងផ្ដល់មេធាវី ជូនកញ្ញា វ៉ាន់ នីឡា ដោយឥតគិតថ្លៃ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាជំនួយផ្នែកច្បាប់ ជួយដល់កញ្ញា វ៉ាន់ នីឡា ក្នុងការស្វែងរកពន្លឺយុត្តិធម៌៕