(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជា នឹងបោះឆ្នោតគាំទ្រប្រទេសស៊ុយអែត ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) សម្រាប់អាណត្តិថ្មី ឆ្នាំ២០១៧-២០១៨ ដែលការបោះឆ្នោត នឹងចាប់ផ្តើមនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
ការបង្ហាញជំហរបោះឆ្នោតគាំទ្រស៊ុយអែត ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) សម្រាប់អាណត្តិថ្មី បានធ្វើឡើងនៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Anna Maj Hulgar ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជាទើបចប់អាណត្តិ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ។
លោក ជុំ សន្ទរី បានឲ្យដឹងផងដែរថា ក្រៅពីការបញ្ជាក់ជំហរគាំទ្រស៊ុយអែត ឲ្យធ្វើជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ ក្នុងជំនួបនេះទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Anna Maj Hulgar បានឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែស៊ីជំរៅថែមទៀត។
សូមបញ្ជាក់ថា សមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានអាណត្តិចំនួន២ឆ្នាំម្តង ដោយតំណាងនៃតំបន់និមួយៗដូចជា ទ្វីបអាស៊ី, អឺរ៉ុប គឺមានកៅអីតំណាង ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយលក្ខខណ្ឌនៃការបោះឆ្នោត ធ្វើឡើងដោយសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ។ ចំណែកការបោះឆ្នោតនៅយប់ថ្ងៃនេះ (ម៉ោងនៅកម្ពុជា) ត្រូវនឹងពេលព្រឹកនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាេមរិក គឺសម្រាប់អាណត្តិឆ្នាំ ២០១៧-២០១៨។
បើតាមលោក ជុំ សន្ទរី ក្នុងជំនួបនារសៀលនេះ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់លោកស្រី Anna Maj Hulgar ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកជាមួយកម្ពុជា។
លោក ប្រាក់ សុខុន ក៏បានអរគុណដល់ស៊ុយអែត ដែលបានជួយជាជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនដល់កម្ពុជា ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ៨០ គ្រាដែលប្រទេសជាច្រើន នាំគ្នាហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។ លោក ប្រាក់ សុខុន ជឿជាក់ថា ទាំងកម្ពុជា និង ស៊ុយអែត នៅតែមានទំនាក់ទំនងល្អ នឹងគ្នាថែមទៀត មិនថាតែផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។
លោកស្រី Anna Höglund ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាហើយ ក្រោយពីបានបំពេញការងារនៅកម្ពុជា អស់ជាច្រើនឆ្នាំនៅកម្ពុជា៕