(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញផ្ដល់អំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៧១គ្រួសារ មកពីឃុំទាំង៧ នៃស្រុកភ្នំស្រួច។

សេចក្ដីរាយការណ៍របស់ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ស្រុកភ្នំស្រួច គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥ នៃខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីខែមករាកន្លងទៅ ដែលជំនន់នេះបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់៤ថ្ងៃជាប់គ្នា។

ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ឃុំចំនួន៧ គឺឃុំយាយម៉ៅពេជ្រនិល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ ឃុំអូរ ឃុំត្រែងត្រយឹង ឃុំមហាសាំង និងឃុំតាំងស្យា ដែលជំនន់នេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១៧១គ្រួសារ។ ក្រៅពីនោះជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់សាលារៀន ចំនួន៣កន្លែង នៅឃុំតាំងសំរោង១កន្លែង និងឃុំយាយពេជ្រនិលចំនួន២កន្លែង ស្រែប្រាំង២ហិកតា ដំណាំផ្សេងៗ៣២ហិកតា និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ប្រមាណជា៣,៧៥២ម៉ែត្រ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបម្រែបម្រួលនៃអាកាសធាតុ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាប់គ្នា៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ដែលជាខែស្ថិតក្នុងរដូវប្រាំង។ ភ្លៀងក្នុងខែនេះវាពិតជាមិនដែលមានទេពីដើមមក ហើយក៏មិនដែលមានជំនន់ក្នុងខែនេះដែរ។ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលពលរដ្ឋជួបប្រទះ រដ្ឋបាលខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ បានផ្តល់នូវអំណោយសង្គ្រោះបឋមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា អំណោយដែលផ្តល់ជូនក្នុងពេលនេះ ពិតណាស់បានសម្រួលដល់ការហូបចុកបានមួយរយៈពេលដែរ ទម្រាំបងប្អូនអាចប្រកបកិច្ចការងារឡើងវិញបាន។ ទន្ទឹមនេះដែរ បងប្អូនត្រូវគិតគូរដល់សុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ហើយមួយវិញទៀតត្រូវនាំសមាជិកគ្រួសារដែលគ្រប់អាយុទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូសដើម្បីបង្ការជំងឺកូវីដ១៩៕