(ស្ទឹងត្រែង)៖ លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង តំណាងអភិបាលខេត្ត នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» ជាមួយអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថានរបស់ក្រសួងបរិស្ថាន ដែលដឹកនាំដោយ លោក ញឹម សាគុណ ប្រធាននាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត, អភិបាលរងក្រុង, ប្រធានគណៈគ្រប់គ្រងផ្សារសាមគ្គីខេត្តស្ទឹងត្រែង និងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ញឹម សាគុណ បានបញ្ជាក់ថា យុទ្ធនាការនេះប្រព្រឹត្តឡើងក្នុងគោលបំណងផ្សព្វផ្សាយជាផ្លូវការនៅចលនាទូលំទូលាយ ក្នុងការរួមគ្នា កាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រង ថង់ប្លាស្ទិក និងជំរុញលើកទឹកចិត្តអាជីវករ ឲ្យបញ្ឈប់ជាអចិន្ត្រៃយ៍នៅការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន ព្រមទាំងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍តាមរយៈការផលិតកន្ត្រក ដែលធ្វើពីចចូត ផលិតផលក្នុងស្រុក។

លោកបានបន្ថែមថា សម្រាប់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» លើកទី២ នៅខេត្តស្ទឹងត្រែងនេះ តាមកាលវិភាគយុទ្ធនាការ នៅមីនា ឆ្នាំ២០២៣ខានមុខនេះ។ ដោយលើកទី០១ បានប្រារព្ធរួចរាល់ហើយ នៅខេត្តកោះកុង នៅខែមករា ឆ្នាំ២០២៣ និងលើកទី៣ គ្រោងធ្វើឡើងនៅខេត្តក្រចេះ នៅខែឧសភា ឆ្នាំ២០២៣នេះ។

លោក ចៅ មុន្នីរ៉ា បានលើកឡើងថា តាមយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» ក្នុងខេត្តស្ទឹងត្រែង នាខែមីនាខាងមុខនេះ លោកក្នុងនាមរដ្ឋបាលខេត្ត មានក្ដីរំពឹងទុកថា ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន និងអ្នកលក់ដូរនៅតាមផ្សារចាប់ផ្ដើមយល់ដឹងពីបញ្ហាបរិស្ថាន ដែលកើតមានឡើងដោយសារការប្រើប្រាស់ផ្លាស្ទិកច្រើនលើសលប់ និងផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋពីការប្រើប្រាស់ថង់ប្លាស្ទិចច្រើន មកជាការប្រើប្រាស់កន្ត្រកបរិស្ថាន ដែលធ្វើឡើងពីចចូត ផ្តៅ ឬក្រណាត់ និងតាមវិធីសាស្ដ្រផ្សេងៗទៀត ដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅទីប្រជុំជនសំខាន់ៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន៕