(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រចាំគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថានគរុកោសល្យ ក្នុងខេត្តសៀមរាប។

អមដំណើរគណៈអធិបតីនាឱកាសនោះ រួមមាន លោក ស សុខា អនុប្រធានស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជន នៃគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក, លោក ទៀ សីហា អនុប្រធានស.ស.យ.ក លោក លោកស្រី អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក, លោក ស៊ាន សុវណ្ណ តំណាងគ្រឹះស្ថានឧត្តមសិក្សាអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ស្ថាប័ន និងគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ និងតំណាងចលនាយុវជនស្ម័គ្រចិត្ត រួមទាំងសមាជិក សមាជិកា ស.ស.យ.ក ខេត្តសៀមរាប ចំនួន៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ក្នុងខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង ពុះពារ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដោយឆន្ទៈដ៏មុតមាំ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលបានចូលរួមចំណែក និងបើក បង្កើត ឲ្យសិស្ស និស្សិតចូលរួមជាមួយ ស.ស.យ.ក ផងដែរ។ ដោយតាមរយៈកិច្ចសហការនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តអនុវត្តទិសដៅការងារ និងផែនការសកម្មភាព ឲ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីបង្កើត និងសម្រេចសមិទ្ធផលជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ លោកសង្ឃឹមថា សមាជិកទាំងអស់នៃក្រុមការងារ នឹងក្លាយជាប្រតិបត្តិកររបស់ ស.ស.យ.ក ក្នុងការបន្តផ្តល់ឱកាសដល់យុវជនផ្សេងទៀត ដែលជាធនធានមនុស្ស បន្តវេន និងអ្នកគាំទ្រដ៏មានសក្តានុពល ពោរពេញដោយសីលធម៌ សមត្ថភាព សកម្ម ទំនួលខុសត្រូវ និងក្លាយជាសរសៃឈាមដ៏រស់រវើក និងរឹងមាំ ដើម្បីបន្តដំណើរនៃមាគ៌ារួមរបស់ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ចំណេះដឹង គឺជាមូលដ្ឋាន ប៉ុន្តែការចេះប្រើប្រាស់ចំណេះដឹងនោះ ក្នុងបរិបទនៃតម្រូវការដើម្បីសម្រេចគោលដៅ គឺកាន់តែសំខាន់។ ដូច្នេះហើយសូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានជោគជ័យក្នុងជីវិតខ្លួនឯង ជោគជ័យទាំងអស់គ្នា គឺជាអនាគតរបស់កម្ពុជា ក្នុងន័យនេះ ការសម្រេចចិត្ត សកម្មភាព និងការចូលរួមរបស់អ្នកនៅពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ាន សុវណ្ណ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ហ៊ុន ម៉ានី និងបានថ្លែងអំណរគុណដល់លោកតែងតែយកចិត្តទុកខ្ពស់ចំពោះមហាគ្រួសារ ស.ស.យ.ក ទាំងមូល។

លោក ស៊ាន សុវណ្ណ ក៏បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលរបស់គ្រឹះស្ថានឧត្តមសិក្សាទាំង៧នៅសៀមរាប ដែលសម្រេចបាន រួមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា ក្នុងការចូលរួមជំរុញយុវជន សិស្ស និស្សិត ឲ្យចូលរួមសកម្មភាពស័្មគ្រចិត្ត មនុស្សធម៌ និងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ឱកាសដល់យុវជន បណ្តុះមនសិការជាតិដល់យុវជន និងបន្តអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ស្របតាម ចក្ខុវិស័យ និងបេសសកម្មរបស់ ស.ស.យ.ក៕