(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងអ្នកនាំចេញអង្កររបស់កម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៨ ខែមិថុនានេះថា វិបត្តិដែលកំពុងកើតឡើងនៅតំបន់អឺរ៉ុប មិនមានផលប៉ះពាល់ដល់ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងអង្កររបស់កម្ពុជា ទៅកាន់អឺរ៉ុបនោះទេ។ ប៉ុន្តែមន្ត្រីហាក់សម្តែងនូវក្តីបារម្ភ ប្រសិនស្ថានភាពសហគមន៍អឺរ៉ុប កាន់តែធ្ងន់ធ្ងររហូតដល់មានការបែកខ្ញែកគ្នានោះ។
បញ្ហានៅអឺរ៉ុប កើតឡើងបន្ទាប់ពីប្រទេសអង់គ្លេស បោះឆ្នោតធ្វើប្រជាមតិ ចង់ចាកចេញពីសហគមន៍អឺរ៉ុប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ជាលទ្ធផលបង្ហាញថា ប្រជាជនអង់គ្លេសចំនួន ៥១.៩ភាគរយចង់ចាកចេញពិតប្រាកដ។ ការចាកចេញរបស់អង់គ្លេស បានធ្វើឲ្យប្រទេសមួយចំនួនទៀត ចង់ធ្វើដូចនេះដែរ ដែលនាំមានក្តីបារម្ភថា អឺរ៉ុបអាចនឹងមានការបែកខ្ញែកគ្នា នៅពេលអនាគត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ថា បញ្ហានៅអឺរ៉ុប បច្ចុប្បន្នមិនទាន់មានផលប៉ះ ពាល់ដល់ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានោះឡើយ។ ពោលការនាំចេញសម្លៀកបំពាក់របស់កម្ពុជា នៅរក្សាកំណើត១០ភាគរយ។
យ៉ាងណាក៏ដោយមន្ត្រីរូបនេះ ហាក់បារម្ភពីឧស្សាហកម្មកាត់ដេររបស់កម្ពុជាផងដែរ ប្រសិនបើស្ថានភាពនៅតំបន់អឺរ៉ុប កាន់តែធ្ងន់ឡើងៗ រហូតដល់បែកខ្ញែកគ្នានោះ ដែលអាចឲ្យបណ្តាលប្រទេសនេះ ត្រូវរៀបចំគោលនយោបាយថ្មី។ ប៉ុន្តែចំពោះការបារម្ភប៉ុណ្ណានោះ លោកមិនអាចវាយតម្លៃបានឡើយ ព្រោះជាបញ្ហាស្មុគស្មាញ ហើយមិនដឹងថា ស្ថានភាពនឹងធ្លាក់ដល់កម្រិតណា។
បើតាមលោក កាំង ម៉ូនីកា សហគមន៍អឺរ៉ុបជាទីផ្សារដ៏ធំរបស់កម្ពុជា លើវិស័យកាត់ដេរ ដោយផលិតផលកាត់ដេរ និងស្បែកជើងរបស់កម្ពុជា ប្រមាណ៤៥ភាគរយ ត្រូវបាននាំចេញទៅតំបន់អឺរ៉ុប ដែលមានសមាជិកចំនួន២៨ប្រទេស។ ក្រៅពីនោះនាំចេញទៅអាមេរិកប្រមាណ ៣៥ភាគរយ រួមទាំងប្រទេសកាណាដា ចិន និងជប៉ុនជាដើម។
ទីផ្សារអឺរ៉ុបជាទីផ្សារសំខាន់របស់កម្ពុជា ដោយសារសហគមន៍អឺរ៉ុប បានចុះព្រមព្រៀងអនុគ្រោះពន្ធនាំចូលដល់កម្ពុជា ពោលគ្រប់ទិញ ផលិតផលទាំងរបស់កម្ពុជា លើកលែងតែអាវុធ អាចនាំចេញទៅអឺរ៉ុប បានដោយមិនគិតពន្ធ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់សរុប១.៥៥ពាន់លានដុល្លារអាមេរិក កើនឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានត្រឹមតែ ១.៣៧ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ អឺរ៉ុបក៏ជាទីផ្សារយ៉ាងសំខាន់សម្រាប់អង្កររបស់កម្ពុជាផងដែរ។ បើទោះបីជាមានបញ្ហានៅអឺរ៉ុបដូច្នេះក្តី អ្នកនាំចេញអង្ករកម្ពុជា ហាក់គ្មានការព្រួយបារម្ភពីពាណិជ្ជកម្មអង្ករនោះឡើយ ដោយមូលហេតុថា អង្ករជាផលិតផលស្បៀង ដែលត្រូវការចាំបាច់ និងម្យ៉ាងទៀត បញ្ហានៅអឺរ៉ុបហាក់ដូចជា កើតមានតែនៅអង់គ្លេសប៉ុណ្ណោះ។
លោក ចាន់ សុឃាំង ប្រធានក្រុមហ៊ុននាំចេញអង្ករ Signature Of Asia បានថ្លែងប្រាប់អង្គភាព Fresh Newsថា ដោយសារតែអង្ករ ជាចំណីអាហារស្បៀង ដូច្នេះវាមិនប៉ះពាល់ដល់ពាណិជ្ជកម្ម ស្រូវអង្កររបស់កម្ពុជាទេ។ ប៉ុន្តែលោកមើលឃើញថា បន្ទាប់បញ្ហានៅអឺរ៉ុប ការប្រែប្រួលនៃអត្រាការប្រាក់ បានធ្វើឲ្យតម្លៃអង្កររបស់យើង កើតឡើងតម្លៃបន្តិច។
ជាមួយគ្នាដែរអ្នកជំនាញក្នុងវិស័យស្រូវអង្ករ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ក៏បានបញ្ជាក់ផងដែរ បញ្ហានៅអឺរ៉ុបបច្ចុប្បន្ននេះ មិនប៉ះពាល់ដល់ការនាំចេញអង្ករ របស់កម្ពុជាទេ ក្នុងរយៈពេលខ្លី។ ប៉ុន្តែអាចនឹងប៉ះពាល់ក្នុងរយៈពេល ៣ទៅ៤ឆ្នាំទៀត។ លោកថា «ទីផ្សារប្រទេសអង់គ្លេស នឹងត្រូវបញ្ចប់ជាស្ថាពរជាសមាជិក EU, យើងមិនអាចទទួលបានការរួចពន្ធទេ។ យើងពិបាកប្រកួតប្រជែងជាមួយថៃ ដែលមានគុណភាពល្អដូចកម្ពុជា និង មានឈ្មោះលើទីផ្សារយូរមកហើយ»៕