(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលត្រូវបានបានផ្ដួចផ្ដើមបង្កើតឡើង ដោយសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ធនធានមនុស្សក្នុងសង្គមជាតិ។
ក្នុងមួយឆ្នាំៗ សាកលវិទ្យាល័យមួយនេះ បានផ្តល់ឱកាសសិក្សាដល់ សមណនិស្សិត-និស្សិត ជាច្រើនរយនាក់ ជាពិសេសសិស្សក្រីក្រ ដែលគ្មានលទ្ធផលចូលរៀនសាកលវិទ្យាល័យ តាមរយៈការផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពេញ និងថ្នាក់អនុបណ្ឌិតចំនួន៥០%។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានចាត់ទុកថា ជាគ្រឹះស្ថានសិក្សា បណ្ដុះបណ្ដាលធនធានមនុស្ស ដោយយកចិត្តទុកដាក់ ទាំងបុព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពធនធានមនុស្ស ឱ្យចូលរួមចំណែកកសាងប្រទេសជាតិ។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា មានព្រះរាជបន្ទូលថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចាប់កំណើតតាំងពីឆ្នាំ២០០៣ ដែលគិតមកដល់ពេលនេះមានរយៈពេល ២០ឆ្នាំហើយ ដោយបានផ្តល់ឱកាសសិក្សាដល់ ព្រះសង្ឃ និងនិស្សិតក្រីក្រី មកពីតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ សាលាក៏មានផ្តល់ការស្នាក់នៅសម្រាប់សិស្សប្រុស ដែលមានជីវភាពលំបាក និងផ្តល់ជំនួយនូវគ្រឿងបរិភោគមួយចំនួនផងដែរ។
សម្តេចព្រះមហាសង្ឃរាជមានព្រះរាជបន្ទូលបន្តថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ ព្រោះមានការចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ៖ «ទាំងអស់នេះ គឺដើម្បីខ្មែរយើងទាំងអស់គ្នា ហើយនៅទីនេះ មានទាំងសាមណនិស្សិត និងនិស្សិត ហើយយើងទទួលទាំងអស់ មិនមែនតែព្រះពុទ្ធយើងទេ គឺមានតាំងអ្នកកាន់សាសនាគ្រឹះ ឥស្លាម និងជនជាតិភាគតិច ព្រោះសាលានេះ យើងឱ្យអាហារូបករណ៍១០០%បួនឆ្នាំ។ការដែលយើងធ្វើនេះ គឺដើម្បីប្រយោជន៍ធំ។ ប្រជាពលរដ្ឋយើងមិនថាព្រះសង្ឃ មិនថាជាបរិស័ទទេ ត្រូវតែមានចំណេះវិជ្ជា ដើម្បីទ្រទ្រង់ការរស់នៅរបស់ខ្លួនបាន និងដើម្បីលើកមុខមាត់ដល់ប្រទេសជាតិ»។
លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណរបស់រដ្ឋ ដែលមានការឧបត្ថម្ភពីព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការបណ្តុះបណ្តាលថ្នាក់២កម្រិត គឺថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញចំនួន៧ រួមមាន ជំនាញវិទ្យាសាស្រ្តអប់រំ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជាព្រះពុទ្ធសាសនា នីតិសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងជំនាញភាសាអង់គ្លេស។
លោកបន្ថែមថា ក្នុងមួយឆ្នាំៗ សាកលវិទ្យាល័យនេះទទួលនិស្សិតថ្មីៗ ពីគ្រប់ខេត្តក្រុងប្រមាណ ៥០០នាក់។
លោកបន្តទៀតថា «ទាក់ទងនឹងការផ្តល់អាហាររូបករណ៍ មានគោលការណ៍៣ចំណុចធំ ទី១៖ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានផ្តល់អាហារូបករណ៍១០០% ជូនដល់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ទី២៖ យើងបានផ្តល់ជូនក្រសួងអប់រំយុវជនចំនួន ១០០នាក់ និងសមាជិកសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា ក៏យើងមានផ្តល់ជូនដែរ និងទី៤ យើងផ្តល់ជូនទៅប្រជាពលរដ្ឋ យុវជនគ្រប់ខេត្តក្រុងទាំងអស់ ឱ្យបានសិក្សានៅទីនេះ ហើយគាត់បានផ្តល់ព័ត៌មាន ទៅបងប្អូនគាត់មិត្តភក្តិគាត់ឱ្យបន្តការសិក្សានៅសាលានេះ ហើយអ្វីដែលពិសេសនិស្សិគ្រប់រូបទាំងអស់ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត នឹងទទួលសញ្ញាបត្រដោយផ្ទាល់ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះមរបរាជវាំង»។
លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម និងជាគ្រូបង្រៀនមុខវិទ្យាអក្សរសាស្រ្តខ្មែរ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឆ្លៀតពេលពីការងារស្នួលរបស់ខ្លួន មកស្ម័គ្រចិត្តបង្រៀនព្រះសង្ឃ និងសិស្សក្រីក្រនៅសាកលវិទ្យាល័យរដ្ឋមួយនេះ តាំងពីដើមឆ្នាំ២០០០ បន្ទាប់ពីសាកលវិទ្យាល័យនេះ បានបង្កើតដំបូង។ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ លោកស្រីបានបណ្តុះបណ្តាលព្រះសង្ឃ យុវជន ឱ្យមានចំណេះដឹងពិតប្រាកដ ដើម្បីក្លាយជាធនធានមួយប្រកប ទៅដោយសក្តានុពលទាំងចំណេះដឹង និងគុណធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ថ្វីត្បិតតែសាកលវិទ្យាល័យនេះ ត្រូវបានគេចាត់ជាសាលាព្រះសង្ឃ តែសាកលវិទ្យានេះ មាននិស្សិតសិក្សាចម្រុះពីបណ្តាសាសនានានានៅកម្ពុជា ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងជនជាតិដើមភាគតិចជាដើម ។
លោកស្រី សេង វណ្ណសាយ មានប្រសាសន៍ថា ភាពចម្រុះនៃសមណនិស្សិត និងនិស្សិត ទាមទារឱ្យគ្រូបង្រៀន ត្រូវមានសិល្បៈជាច្រើនក្នុងការបង្រៀន ដើម្បីធ្វើយ៉ាងណាឱ្យក្នុងថ្នាក់ មានសាមគ្គីភាព និងសន្តិភាព។
កញ្ញា ម៉ូត យូម៉ី និស្សិតអក្សរសាស្រ្តអង់គ្លេស ដែលជាខ្មែរឥស្លាម បានទទួលអាហារូបករណ៍ចំនួន ៤ឆ្នាំពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមរយៈការទទួលបានព័ត៌មានពីបងស្រីរបស់ខ្លួន និងការផ្សាយផ្សាយរបស់សាលា អំពីការអាហារូបករណ៍នេះ។
កញ្ញាបន្តថា ការបង្រៀននៅទីនេះ ទទួលបានការយកចិត្តទុកដាក់ខ្លាំងពីលោកគ្រូ និងអ្នកគ្រូ ដោយមិនមានរើសសាសនានោះទេ ដែលធ្វើឱ្យខ្លួនទទួលបានចំណេះដឹងពិតប្រាកដ ដើម្បីបំពេញគោលដៅនាពេលអនាគត ដែលចង់ក្លាយជាគ្រូបង្រៀន។ ជាមួយគ្នា កញ្ញាក៏ផ្សព្វផ្សាយបន្តដល់បងប្អូនឱ្យចូលសិក្សានៅទីនេះ ជាបន្តបន្ទាប់ផងដែរ។
យុវជន ធៀន សុន ជាជនជាតិភាគតិចមកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជួយសិស្សក្រីក្រជាច្រើន ដែលខ្លះលទ្ធភាពបន្តការសិក្សា ជាពិសេសសិស្សដែលមកពីតំបន់ដាច់ស្រយ៉ាលជាច្រើន ឱ្យទទួលបានការសិក្សារយៈពេល ៤ឆ្នាំដោយឥតថ្លៃ ដើម្បីបំពេញក្តីស្រម៉ៃរបស់ពួកគេ ក្នុងការចាប់អាជីពដែលពួកគេស្រឡាញ់។
ស្ថិតក្នុងវ័យ១៨ យុវតី ង៉ុយ ចន្ធា ជានិស្សិតឆ្នាំទី១ ផ្នែកអក្សរសាស្រ្តខ្មែរ បានលើកឡើងថា លោកគ្រូអ្នកគ្រូនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សុទ្ធតែមានបទពិសោធន៍បង្រៀនល្អ និងបង្រៀនដោយយកចិត្តទុកដាក់ បើទោះជាបង្រៀនសិស្សអាហារូបករណ៍សិក្សា ដោយឥតគិតថ្លៃក៏ដោយ ដើម្បីឱ្យសិស្សទទួលបានការសិក្សាអ្វីថ្មីៗ មិនខុសពីសាកលវិទ្យាល័យបង់ថ្លៃសិក្សានោះទេ។
លោក ទៃ ចម្រើន សាស្រ្តាចារ្យវេលាកាល នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឱ្យដឹងថា រយៈពេល១៥ឆ្នាំហើយ ដែលលោកបានមកបង្រៀននៅសាកលវិទ្យាល័យនេះ ដោយការស្ម័គ្រចិត្ត និងចូលរួមចំណែកជាកម្លាំងសទ្ធា ជួយចែករំលែកចំណេះដឹងទាក់ទងនឹងនីតិសារពើពន្ធ និងហិរញ្ញវត្ថុ ដល់សង្ឃ និងនិស្សិត ដែលមានជីវភាពខ្លះខាត និងលទ្ធភាពចូលរៀនសាលាឯកជន ដែលតម្រូវឱ្យបង់ថ្លៃ។
លោកលើកឡើងថា ភាគច្រើននៃនិស្សិតដែលបញ្ចប់ការសិក្សានៅទីនេះ សុទ្ធតែមានការងារធ្វើ ទាំងនៅស្ថាប័នរដ្ឋ និងឯកជន។
ក្នុងរយៈពេល២០ឆ្នាំ ដែលពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបើកដំណើរការ ចំនួនសមណនិស្សិត-និស្សិត បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានអាគារសិក្សាចំនួន៣ ក្នុងនោះអគារសិក្សាចំនួន២ និងអគាររដ្ឋបាលមួយ។
បច្ចុប្បន្នអាគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏នៅមានការខ្វះខាត មិនអាចបំពេញតម្រូវការនៃការកើនឡើង របស់សមណនិស្សិត-និស្សិតបានឡើយ ទើបសម្តេចព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង បានសម្រេចផ្តួចផ្តើមកសាងអាគារថ្មីមួយខ្នងទៀត ដែលមានកំពស់៩ជាន់ ស្មើនិង៤៥បន្ទប់ ព្រមទាំងមានទីចំណតយានយន្ត កន្លែងអង្គុយជួបជុំរបស់សមណនិស្សិត និងនិស្សិត លម្អដោយសួនច្បារដ៏ស្រស់ស្អាត ហើយអគារសិក្សាថ្មីនេះ បំពាក់ទៅដោយឧបករណ៍សិក្សាទំនើប មានការិយាល័យ បន្ទប់ក្លឹបសិក្សា សាលកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ សាលប្រជុំធំ សាលប្រជុំតូច សាលសហសិក្សា បន្ទប់សាស្រ្តាចារ្យ បន្ទប់រង់ចាំ បន្ទប់សុខភាព អាហារដ្ឋាន ដែលទាំងអស់នេះនឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណែទម្រង់ពុទ្ធិកសិក្សា តាមបែបទំនើប។ បច្ចុប្បន្ននេះ អគារនេះសម្រេចការសាងសង់បានប្រមាណ ៧០%ហើយ។
អាគារសិក្សាថ្មីនេះ ចំណាយថវិកាប្រមាណជិត ២លានដុល្លារ ដែលបានចុះបឋមសីលានាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ ជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគ្រោងបញ្ចប់ការសាងទាំងស្រុង នៅខែឧសភា ឆ្នាំ២០២៣នេះ៕