Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបរថយន្ដដឹកឈើខុសច្បាប់ មួយគ្រឿង នៅស្រុកឆ្លូង ខេត្តក្រចេះ

28-06-2016 15:29

(ក្រចេះ)៖ កម្លាំងមន្រ្តីរដ្ឋបាលព្រៃឈើឆ្លូង កម្លាំងនគរបាលស្រុកឆ្លូង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងកម្លាំងអាវុធហត្ថស្រុកឆ្លូង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានសហការគ្នា ចុះបង្រ្កាប និងធ្វើការឃាត់រថយន្ដសាំយ៉ុងកែច្នៃ ដូចរថយន្ដយីឌុបមួយគ្រឿង ដែលដឹកឈើខុសច្បាប់ពេញប្រៀបខាងក្នុង នៅចំណុចភូមិខ្សាច់អណ្ដែត ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

មន្រ្តីផ្នែករដ្ឋបាលព្រែឈើស្រុកឆ្លូង បានឱ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ច បានឃាត់រថយន្ដខាងលើរួចហើយ អ្នកបើកបររថយន្ដបានរត់បាត់ស្រមោល ហើយមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ ហើយឈើទាំងនោះ ជាប្រភេទឈើក្រហម ឈើអាលេខ២។

បច្ចុប្បន្ន ឈើទាំងនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកឆ្លូង ដើម្បីធ្វើការវាស់វែង និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕