(កំពង់ស្ពឺ)៖ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងមន្រ្តី ចុះធ្វើការណែនាំ និងព្រមានយ៉ាងចាស់ដៃ ដល់ក្រុមអាជីវករ ដែលយកដីចំណីផ្លូវទៅលក់ដូរខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅផ្សាត្រពាំងអំពិល និងផ្សាសាមគ្គី ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខណៈដែលក្រុមអាជីវករមួយចំនួន ពុំបានគោរពច្បាប់ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបានរំលោភយកដីចចំណីផ្លូវសាធារណរបស់រដ្ឋ មកប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ផងនោះ លោក ហុង ចាន់សុខា បានថ្លែងព្រមាន ចំពោះទីតាំងផ្សារខាងលើថា «ដី និងប្រឡាយ ដែលអមសងខាងផ្លូវជាតិលេខ៤ ក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរខេត្តកំពង់ស្ពឺនេះ មិនអនុញ្ញាតឲ្យម្ចាស់ផ្សារ ឬក្រុមអាជីវកររូបណា យកទៅបម្រើដល់ការលក់ដូរ ឬប្រើប្រាស់ខុសគោលការច្បាប់តាមអំពើចិត្តបានឡើយ»។
មិនតែប៉ុណ្ណោះ ប្រធានមន្ទីររូបនេះ បានហាមឃាត់យ៉ាងតឹងរឹងដល់ម្ចាស់ផ្សារ និងក្រុមអាជីវករដែលកំពុងយកដីចំណីផ្លូវសាធារណរបស់រដ្ឋ មកប្រើប្រាស់ ត្រូវតែបញ្ឈប់ជាបន្ទាន់ ព្រោះការប្រើប្រាស់ចំណីផ្លូវនេះ ធ្វើឲ្យសម្រាមចូលលូ ដែលនាំឲ្យស្ទះទឹក និងជន់លិចផ្លូវជាញឹកញាប់ ហើយបច្ចុប្បន្ន ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បញ្ហាបរិស្ថានផងដែរ។
លោកថា «បងប្អូនដែលកំពុងរំលោភយកដីចំណីផ្លូវ សូមបញ្ឈប់ជាបន្ទាន់ ពីព្រោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ខូចខាតបរិស្ថាន បង្កការស្ទះផ្លូវទឹកដែលនាំឲ្យលិចផ្ទះ លិចផ្សារ បង្កការខូចខាតដល់សម្ភារៈបងប្អូនថែមទៀត ហើយការរំលោភយកដីសាធារណរបស់រដ្ឋ ជាអំពើល្មើសច្បាប់ដែលអាចមានទោសទណ្ឌ ដល់បងប្អូនណាដែលប្រព្រឹត្ត»។
សូមជម្រាបថា កម្លាំងមន្រ្តីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានបោះស្លាកសញ្ញាអប់រំ ឲ្យពលរដ្ឋបានយល់អំពី បញ្ហាបរិស្ថាន នៅតាមមូលដ្ឋាននានា ផងដែរ៕