(កណ្ដាល)៖ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាឲ្យក្រុមមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផល ចតុមុខ ចុះបង្ក្រាបបទល្មើសជាក់ស្ដែង គ្រឿងចក្រឈូសឆាយព្រៃ ទន្ទ្រានដីក្នុងដែនជម្រកត្រីពងកូន នៅចំណុច ឡូត៍លេខ១៦ ស្ថិតនៅក្នុងឃុំកពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដោយប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចរឹបអូសបាន អេស្កាវ៉ាទ័រចំនួន២គ្រឿង និងមនុស្សចំនួន៦នាក់ នាំមកអធិការដ្ឋានរដ្ឋបាលជលផល ចតុមុខ ដើម្បីសាកសួរ។
លោក ណៅ ធួក បានថ្លែងប្រាប់ Fresh News នៅថ្ងៃនេះថា ប្រតិបត្តិការបង្ក្រាបក្រុមជនខិលខូច លូចចូលទន្រ្ទានដែនជំរកត្រីពង នៅពេលនេះ គឺដោយសារតែមានប្រជាពលរដ្ឋ បានរាយការណ៍មករូបលោក ខណៈដែលមន្រ្តីនៅខាងក្រោម ហាក់មានចេតនាបិទបាំងទង្វើ របស់ក្រុមឈ្មួញទាំងនេះ ព្រោះហេតុការណ៍ចូលទៅឈូសឆាយស្រដៀងគ្នានេះ បានកើតឡើង ម្ដងជាពីរដងរួចមកហើយ ។ ដូច្នេះម្សិលមិញនេះ លោកបានបញ្ជាផ្ទាល់ ទៅកម្លាំងនៃអធិការដ្ឋានរដ្ឋបាលជលផល ចតុមុខ ឲ្យដឹកនាំមន្រ្តីចុះបង្ក្រាបជាបន្ទាន់ និងស្រាវជ្រាវស្វែងរកជនខិលខូចបញ្ជាពីក្រោយខ្នង យកមកសួរនាំ និងចាត់ចែងតាមផ្លូវច្បាប់ ។
លោកបានបន្តទៀតថា តាមចម្លើយសារភាពរបស់ក្រុមអ្នកបើកអេស្កាវ៉ាទ័រ បានឲ្យដឹងថា ការមកទន្ទ្រានជីកដីក្នុងដែនជម្រកកូនត្រីពង ដែលជាតំបន់ហាមឃាត់នេះ គឺពួកគេជាអ្នកស៊ីឈ្នូលគេតែប៉ុណ្ណោះ ក្រោមហេតុផលថា ជីកធ្វើផ្លូវ និងកំណត់ព្រំរដ្ឋបាល រវាងស្រុកមុខកំពូល និងស្រុកពញាឮ ប៉ុន្តែលោកមិនជឿក៏បានទូរស័ព្ទ ទៅសួរលោកអភិបាលខេត្ត តែលោកអភិបាលខេត្តប្រាប់ថា ពុំមានការអនុញ្ញាឲ្យធ្វើបែបនេះឡើយ ព្រោះមានតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ ដែលបានសិទ្ធិឲ្យចូលទៅកន្លែងនេះបាន ទើបលោកមើលឃើញពីភាពមិនប្រក្រតី ក៏មានវិធានការភ្លាមៗតែម្ដង។
យោងតាមប្រពភព័ត៌មានដែលទម្លាយប្រាប់ Fresh News បានឲ្យដឹងថា ឈ្មួញខិលខូច ដែលតែងតែឃុបឃិបគ្នា ជាមួយមន្រ្តីខាងក្រោម ត្រូវបានគេស្គាល់ឈ្មោះថា នួន សាវី ដែលតែងតែតាមរំខាន និងឆាឆៅអ្នកដែលមានសិទ្ធិ ស្របច្បាប់អភិវឌ្ឍន៍នៅតំបន់នោះ ហើយជាការពិតយោងតាមលិខិត សជណ លេខ២៣ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ របស់ទីស្ដីការគណរដ្ឋមន្រ្តី មិនបាននិយាយអំពីការកំណត់ ព្រំប្រទល់រដ្ឋបាល រវាងស្រុកពញាឮ និងស្រុកមុខកំពូលដែរ ហើយក៏គ្មាននិយាយអំពីដីកម្មសិទ្ធិរបស់ នួន សារី នោះឡើយ។
ប្រភពដដែលបានបន្តថា បើយោងតាមឯកសារពាក់ព័ន្ធកន្លងមក ឈ្មោះ នួន សារី ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយបំភ្លឺទៅក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត បញ្ជាក់ថា ឈ្មោះ នួន សារី ដែលជាមន្រ្តីយោធានៅក្រសួងការពារជាតិ គ្មានកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់នោះឡើយ។ ម្យ៉ាងទៀត ថ្មីៗនេះ ក្រសួងការពារជាតិ ក៏បានចេញលិខិតហាមឃាត់ ឈ្មោះ នួន សារី ទៅពាក់ព័ន្ធជាមួយនឹងទីតាំងដីទំនាស់ខាងលើ ហើយបញ្ឈប់រាល់សកម្មភាពផ្សេងៗ លើទីតាំងដី ដើម្បីទុកឲ្យអាជ្ញាធរខេត្ត ធ្វើការដោះស្រាយសម្របសម្រួល ជាមួយប្រជាពលរដ្ឋ និងក្រុមហ៊ុន ដើម្បីបញ្ចប់ទំនាស់ ។
ប៉ុន្តែផ្ទុយទៅវិញ ឈ្មោះ នួន សារី នៅតែធ្វើសកម្មភាពជួលគ្រឿងចក្រ និងមនុស្ស ជីកទន្ទ្រានព្រៃខុសច្បាប់ បែបអាណាធិបតេយ្យ នៅក្នុងតំបន់ជម្រកត្រីពង អតីតឡូនេសាទលេខ១៦ ត្រង់ចំណុចព្រំរដ្ឋបាល រវាងស្រុកពញាឮ និងមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៦ នេះដដែល។
លោក មាញ ពៅ នាយរងអធិកាដ្ឋានរដ្ឋបាលជលផលចតុមុខ បានឲ្យដឹងថា ការទន្រ្ទានព្រៃជំរកត្រីពង យ៉ាងអាណាធិបតេយ្យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ ពីបន្ទាប់ពីមានការរាយការណ៍ ពីប្រជាពលរដ្ឋ រួចមកលោកបានដឹកនាំកំលាំង មន្រ្តីជំនាញជលផលចុះពិនិត្យនៅកន្លែង ទីតាំងខាងលើ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ គឺបានបង្ហាញថា ពិតជាមានការទន្រ្ទាន ព្រៃក្នុងតំបន់ហាមឃាត់ ជម្រកត្រីពងពិតប្រាកដមែន។
លោកនាយរងរដ្ឋបាល ជលផលចតុមុខបានបន្តថា ក្រោយពីមានបញ្ជាពីនាយអធិការដ្ឋានរដ្ឋបាលជលផល លោកក៏បានដឹកនាំ កំលាំងមន្រ្តីជំនាញនៃអធិការដ្ឋានចុះចាប់ភ្លាមៗ នៅនឹងកន្លែង ដែលជនអាណាធិបតេយ្យទន្រ្ទានព្រៃទាំងនោះ។ ប៉ុន្តែនៅពេលចុះដល់ទីតាំងខាងលើ ក្រុមទន្ទ្រានព្រៃក្នុងជម្រកត្រីពងទាំងនេះ បានយកអេស្កាវ៉ាទ័រទាំងពីរគ្រឿង ទៅលាកទុកក្នុងព្រៃយ៉ាងជ្រៅ តែទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីជំនាញ បានបន្តរុករកកន្លែងលាក់គ្រឿងចក្រឃើញភ្លាមៗផងដែរ ក្នុងនោះបានធ្វើហាមឃាត់ក្រុមទាំងនេះ និងអេស្កាវ៉ាទ័រទាំងពីរគ្រឿង ដើម្បីយកមកធ្វើការសាកសួរ តាមជំនាញបន្តនៅអធិការដ្ឋាន។
លោក មាញ ពៅ បានឲ្យដឹងទៀតថា ក្រោយពីមានការហាមឃាត់ ក្រុមមន្រ្តីជំនាញចុះពិនិត្យ ឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមទន្ទ្រានព្រៃក្នុងជម្រកត្រីពង បានជីកប្រឡាយប្រវែងជាង ៤គីឡូម៉ែត្រទទឹង៣ម៉ែត្រ ក្នុងជម្រៅ២ម៉ែត្រ ដោយកាប់បំផ្លាញព្រៃយ៉ាងចាស់ដៃផងដែរ ។ ក្រោយពីក្រុមមន្រ្តីជំនាញសាកសួរ ក្រុមទាំងនោះបានប្រាប់ថា អេស្កាវ៉ាទ័រចំនួនទាំងពីគ្រឿងនេះ គឺជាកម្មសិទ្ធរបស់ ឈ្មោះ ជាតិ ដែលរស់នៅម្តុំស្ពានព្រែកភ្នៅ ចំណែកពួកគាត់ទាំង៦នាក់វិញ គឺជាអ្នកស៊ីឈ្នួលបើកបរ និងអ្នកតម្រង់ព្រំគម្រោង តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នៅពេលដែលក្រុមអាណាធិបតេយ្យ ចុះធ្វើសកម្មភាពទន្រ្ទានព្រៃកន្លងមកនេះ គឺពុំឃើញមានមន្រ្តីអាជ្ញាធរ នៃស្រុកទាំងពីរឬខេត្ត ចុះទៅពិនិត្យ ឬធ្វើការហាមឃាត់នោះឡើយ ហាក់ដូចជា បើកដៃឲ្យក្រុមអាធិបតេយ្យទាំងនេះ ទន្ទ្រានព្រៃក្នុងជម្រកត្រីពង ជាពិសេសគឺជាការទន្ទ្រានរំលោភ យកដី ជាកម្មសិទ្ធខុសច្បាប់ របស់ខ្លួនតែម្ដង៕
លោក នួន សារី ដែលរងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងការជួសគ្រឿងចក្រ ឈួសឆាយដីជម្រកត្រីពងកូន (រូបខាងលើ នៅកណ្តាល)