(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្តអំពាវនាវយ៉ាងទទូចសូមឱ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព រួសរាន់ទៅបំពេញបែបបទដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថា អត្តសញ្ញាណប័ណ្ណអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខបានទេ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១២ ក្រសួងមហាផ្ទៃបានចាប់ផ្តើមផលិតផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឌីជីថល ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង គិតមកដល់ខែធ្នូឆ្នាំ២០២២ ក្រសួងបានផលិតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៩.១៣១នាក់ ក្នុងនោះអ្នកដែល មានអាយុពី១៨ឆ្នាំឡើង មានចំនួន ១១.០៩៧.៨៦៧នាក់។

យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ (គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។

ដើម្បីដោះស្រាយបញ្ហានេះក្រសួងមហាផ្ទៃ បានរៀបចំផែនការយុទ្ធនាការជំរុញការផលិត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណអស់សុពលភាពទុតិយតា
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយបានស្រង់យកទិន្នន័យអ្នកដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បញ្ជូនទៅឃុំ សង្កាត់នៅទូទាំងប្រទេស ដើម្បីរៀបចំកម្មវិធីប្រតិទិនក្នុងការអញ្ជើញប្រជាពលរដ្ឋ តាមភូមិ ឃុំ សង្កាត់ មកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។

ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរអគ្គនាយកដ្ឋាន ដើម្បីតាម ដានជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នេះជាប្រចាំថ្ងៃ គិតទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗទៀត។ ទន្ទឹមនោះបានរៀបចំក្រុមចល័តដើម្បីចុះផ្ទាល់ តាមខ្នងផ្ទះ តាមក្រសួង ស្ថាប័ន និងអង្គភាពនានា ដើម្បីបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារផងដែរ។

លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦.៧២១នាក់ ហេតុនេះចំនួននៅសល់ដែលត្រូវបន្តផ្ដល់មានចំនួន ១.១១០.៣៧៣នាក់ទៀត។ បញ្ហាប្រឈមចម្បងបំផុតក្នុងកិច្ចដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺមានប្រជាពលរដ្ឋមួយចំនួនធ្វើចំណាកស្រុក ដែលមិនបានអញ្ជើញមកបំពេញបែបបទ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖