(កណ្ដាល)៖ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកណ្ដាល បន្តការរអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ដល់សាធារណជន និងសហគមន៍មូលដ្ឋាន ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍ ស្តារ និងចូលរួមការពារ ទប់ស្កាត់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងជំរុញបែបនេះ ក្នុងទិវាដីសើមអន្តរជាតិ ២ កុម្ភៈ ក្រោមប្រធានបទ «ការស្តារឡើងវិញនូវតំបន់ដីសើម» កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានអាជ្ញាធរខេត្តមន្ត្រីនៃមន្ទីរបរិស្ថាន និងសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋជាង ៤០០នាក់។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងអំពីសារៈប្រយោជន៍យ៉ាងច្រើន ចំពោះការលើកកំពូលតំបន់អេកូឡូស៊ី ដើម្បីជាផលប្រយោជន៍រួមក្នុងសហគមន៍ ពិសេសវាបានផ្ដល់នូវផលប្រយោជន៍យ៉ាងច្រើនដល់មនុស្សជាតិ និងសង្គមទាំងមូល។

លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថាន បានលើកឡើងផងដែរជុំវិញការធ្វើសកម្មភាពជាច្រើនពាក់ព័ន្ធជាមួយនឹងការងារនេះ ដោយបានចាត់មន្ត្រីយ៉ាងច្រើនចុះធ្វើការលើរឿងនេះយ៉ាងម៉ត់ចត់ ជាមួយនឹងការបន្តផ្សព្វផ្សាយ អប់រំដល់ ប្រជាពលរដ្ឋជាដំណាក់កាលបន្តទៅមុខទៀត។

សូមជម្រាបថា នៅក្នុងពិធីនេះ បានដាំ និងចែកកូនឈើព្រៃលិចទឹក និងកូនឈើព្រៃដីគោគ ចំនួន២០០ដើម (ដើមម្តេញ១៨៧ដើម ដើមរំដួល១៣ដើម) ចែកជូនធុងសំរាមចំនួន ៨ធុង អំបោសដងវែងចំនួន ១៤ដើម ដល់សាលាបឋមទួលស្លែង និងសាលាឃុំលើកដែក៕