(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម» លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវវិស័យសំខាន់ៗ ដែលជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត។

វិស័យសំខាន់ៗ ចំនួន៣ដែលបញ្ជាក់ដោយអភិបាលខេត្តកំពង់ចាមនោះរួមមាន៖ វិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។ លោកបានឲ្យដឹងថា៖

*ទី១៖ វិស័យកសិកម្ម មានទំហំ ៣,១៣៣,៧២១.៩លានរៀល និងមានចំណែក៤១.១% នៃសេដ្ឋកិច្ចខេត្ត និងកំណើនពី៣.៦% ទៅ៤% ក្នុងឆ្នាំ២០២១ ដែលក្នុងនោះដំណាំមានកំណើនថេរ ៤.៤% ការចិញ្ចឹមសត្វ មានកំណើនពី២.៨% ទៅ៣.៥% ជលផលនេសាទ មានកំណើនពី២.៤% ទៅ៣.៥% និងរុក្ខាប្រមាញ់ មាន១.៤%ថេរ។

*ទី២៖ វិស័យឧស្សាហកម្ម មានទំហំ ១,៦៨៦,៥៩៣លានរៀល និងមានចំណែក២១.២% នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន ១១.៣% ដែលក្នុងនោះរ៉ែ មានកំណើន ១៨.៤% កម្មន្តសាល ១២.៩% អគ្គីសនី ៣% ទឹកស្អាត១.៩% និងសំណង់ ១.៨%។

*ទី៣៖ វិស័យសេវាកម្ម មានទំហំ ២,៥៧២,៤២២.៤លានរៀល និងមានចំណែក៣៧.៧% នៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ ៥.៩% ដែលក្នុងនោះលក់ដុំ លក់រាយ មានការថយចុះ៧.៥% សណ្ឋាគារ និងភោជនីដ្ឋានថយចុះ ១២.៥% រដ្ឋបាលសាធារណៈមានកំណើន ១៤.៦% ហិរញ្ញវត្ថុមានកំណើន ៣% និងសេវាកម្មផ្សេងទៀតថយចុះ៨.២%។

លោក អ៊ុន ចាន់ដា បានអះអាងទៀតថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម នៅឆ្នាំ២០២១សរុបប្រមាណ ៧,៣៩៣ប៊ីលានរៀល (ប្រាំពីរពាន់បីរយកៅសិបបី ប៊ីលានរៀលគត់) គិតជាដុល្លារ ១,៨០៥លានដុល្លារ (អត្រាប្តូរ ប្រាក់៤.០៩៦រៀល) ស្មើនឹង៦.៧% នៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១,៥៩២ដុល្លារ។

លោកបន្ថែមថា តាមការព្យាករណ៍សម្រាប់ឆ្នាំ២០២២ មានកំណើន ៣.៦% ស្មើនឹង៧,៧៥៨ប៊ីលានរៀល (ប្រាំពីរពាន់ប្រាំពីរយហាសិបប្រាំបី ប៊ីលានរៀល) គិតជាដុល្លារ១,៨៩៣ លានដុល្លារ (អត្រាប្តូរប្រាក់ ៤,០៩៩រៀល) និងចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១,៦៧៨ដុល្លារ។ សេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើន ៨.៥% នៅឆ្នាំ២០១៨ និងធ្លាក់ចុះដោយសារវិបត្តិកូវីដ១៩ ឆ្នាំ២០២០ (-១.១%) និងកើនឡើង ១.៣% ក្នុងឆ្នាំ២០២១៕