(ក្រចេះ)៖ មនុស្សចំនួន៣នាក់ បានស្លាប់ និងម្នាក់ទៀត បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ដ និងម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា នៅវេលាម៉ោង ២១៖៣០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើកផ្លូវជាតិលេខ៧ ចន្លោះគីឡូមែត្រលេខ៤០១-៤០២ ក្រចេះ-ស្ទឹងត្រែង ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ដោយរថយន្ដធ្វើដំណើរ ពីទិសខាងជើងទៅត្បូង ចំណែកម៉ូតូធ្វើដំណើរពីខាងត្បូងទៅជើង បណ្ដាល្យមនុស្ស៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់រងរបួស។

អ្នកទាំង៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ អេត ចន្ធី អាយុ១៧ឆ្នាំ មិនពាក់មួកសុវត្ថិភាពជាអ្នកបើកបរ
*ទី២៖ ឈ្មោះ ឡុំ ពញ អាយុ១៨ឆ្នាំ ជាអ្ន​ករួមដំណើរមិនពាក់មួកសុវត្ថិភាព
*ទី៣៖ ឈ្មោះ ចិន វ៉ិត អាយុ១៥ឆ្នាំ ជាអ្ន​ករួមដំណើរ មិនពាក់មួកសុវត្ថិភាព។
*ទី៤៖ ឈ្មោះ ស៊្រ៊ីន សៅ អាយុ១៧ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្ត។ អ្នកទាំង៤នាក់ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

តាមរបាយការណ៍នគរបាលបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ហើយមិនស្គាល់អត្តសញ្ញាណ។ បច្ចុប្បន្នកម្លាំងនគរបាលកំពុងធ្វើ កំណត់ហេតុ វាស់វែងស្ទូចរថយន្ដ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕