(ភ្នំពេញ)៖ ករណីឃាតកម្មបាញ់សម្លាប់ក្រុមគ្រួសារ លោកមេភូមិទួលស្វាយព្រៃ១ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ ទីបំផុតជនដៃដល់ជាប៉ូលិសស័ក្តិមួយ នៅក្រសួងមហាផ្ទៃ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ កែវ សុវណ្ណរិទ្ធ អាយុ២៨ឆ្នាំ ដាក់ពន្ធនាគារ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ២២C ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ សាលក្រមដដែលនេះ បើកផ្លូវឲ្យជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍១ខែ ប្រសិនបើមិនសុខចិត្ត ចំពោះការផ្តន្ទាទោសនេះ។
នាសវនាការកន្លងទៅ ជនជាប់ចោទ កែវ សុវណ្ណរិទ្ធ បានសារភាពថា ខ្លួនពិតជាបានបាញ់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ព្រោះតែការពារខ្លួន នៅពេលដែលជនរងគ្រោះទាំង ៣នាក់ព្យាយាមដេញកាប់មកលើខ្លួនមុន។
ជនជាប់ចោទបានបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ជុប ឡាយ បានទៅទារលុយថ្លៃអំពូលភ្លើងពីខ្លួន ទើបឈានដល់ការទាស់សម្ដីគ្នា។ បន្ទាប់មកក៏បានធ្វើការសម្របសម្រួលគ្នា ទើបលោកមេភូមិ កូនប្រុស និងក្មួយប្រុសម្នាក់ទៀត ក៏បានដើរចេញពីកន្លែងកើតហេតុ។ ប៉ុន្តែប្រហែលជា២០នាទី ក្រោយមកមិនដឹងយ៉ាងម៉េច ស្រាប់តែកូនមេភូមិរូបនេះ បានយកដាវចំនួនពីរដើមមកកាប់ខ្លួន ទើបខ្លួនបានរត់ទៅយកកាំភ្លើងខ្លី ១ ដើមម៉ាក ប៉េអាតា មកបាញ់លើជនរងគ្រោះ ដើម្បីការពារខ្លួនតែម្តងទៅ ប៉ុន្តែជាអកុសលជនរងគ្រោះទាំង៣នាក់ បានស្លាប់ទាំងអស់៕