(អេហ្ស៊ីប)៖ អាជ្ញាធរអេហ្ស៊ីប បានបង្ខំនិរទេសអ្នកសារព័ត៌មាន និងជាអ្នកវិភាគនយោបាយជនជាតិលីបង់ដ៏ល្បីល្បាញមួយរូប ចេញពីប្រទេស ទាំងមិនបានប្រាប់មូលហេតុច្បាស់លាស់ថានាង បានប្រព្រឹត្តកំហុសអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦។
អ្នកវិភាគនយោបាយជំនាញ ប្រកបដោយកេរ្តិ៍ឈ្មោះល្បីនៅប្រទេសអេហ្ស៊ីបខាងលើនេះ មានឈ្មោះ Liliane Daoud ដែលលោកស្រីត្រូវបានអាជ្ញាធរអេហ្ស៊ីបឃាត់ខ្លួន និងបញ្ជូនតាមជើងហោះហើរ ត្រឡប់ទៅកាន់ប្រទេសលីបង់វិញ នៅពេលថ្មីៗនេះ។ ទូរទស្សន៍ដែលលោកស្រីបម្រើការងារ គឺជាស្ថានីយ៍ឯកជន ដែលទើបត្រូវបានលក់ទៅឲ្យមហាសេដ្ឋីអេហ្ស៊ីបមួយរូប គឺលោក Naguib Sawiris កាលពីខែឧសភា។
ទូរទស្សន៍ OnTV ជាទូរទស្សន៍មួយ ដែលកម្មវិធីវិភាគច្រើនទៅលើរឿងនយោបាយអន្តរជាតិ ហើយលោកស្រី Daoud ក៏ទទួលបានចំណាប់អារម្មណ៍ច្រើនចំពោះបញ្ហា ដែលលោកស្រីតែងតែលើកឡើងផងដែរ។ ថ្លែងនៅក្នុងបទសម្ភាសន៍ មួយមុនការចាកចេញ លោកស្រី Daoud បានអះអាងថាលោកស្រីមិនបានដឹងពីកំហុស ឬក៏មូលហេតុអ្វីនោះទេបានជា ខ្លួនត្រូវអាជ្ញាធរអេហ្ស៊ីបចាប់ និងនិរទេសចេញទាំងកម្រោលបែបនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលយោធា ដឹកនាំដោយប្រធានាធិបតី អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី ឡើងកាន់តំណែង ក្រោយពីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ម៉ូហាម៉េដ ម៉ូស៊ី កាលពីឆ្នាំ ២០១៣នោះ វិស័យសារព័ត៌មានក្នុងស្រុកត្រូវបាន រឹតបន្តឹងយ៉ាងខ្លាំង ហើយសារព័ត៌មានដែលបានរិះគន់រដ្ឋាភិបាលថ្មី និងគាំទ្រលោក ម៉ូស៊ី ជាច្រើន បានទទួលរងទុក្ខបុកម្នេញ តាមរយៈការចាប់ខ្លួនអ្នកសារព័ត៌មាន និង ដាក់ទោស ព្រមទាំងការបិទភ្នាក់ងារសារព័ត៌មានមួយចំនួនថែមទៀតផង៕