(ភ្នំពេញ)៖ លោកស្រី ច្យូតស្នា ពូរី (Jyotsna Puri) អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development) បានបង្ហាញការរីករាយខ្លាំងចំពោះការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកិច្ចអភិវឌ្ឍន៍កម្ពុជា រក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គម។ ជាពិសេសការប្រយុទ្ធប្រឆាំងយ៉ាងជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩។

ការថ្លែងកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី ច្យូតស្នា ពូរី និងនាំសហការីរបស់ខ្លួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នៅវិមានសន្តិភាព នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ
លោកស្រី ពូរី បានសម្តែងការគោរព និងកោតសរសើរសម្តេចតេជោ ចំពោះកិច្ចប្រឹងប្រែង ក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម។

លោក អ៊ាង សុផល្លែត បន្តដកស្រង់សម្តីលោកស្រី ពូរី មកបញ្ជាក់ទៀតថា «ជាពិសេសក្នុងពេលជួបការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនោះ ជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋមិនឱ្យធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រវិញ»

លោកស្រី ក៏បានបង្ហាញការពេញចិត្តចំពោះកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ក្នុងកិច្ចគាំពារសង្គមលើអាហារូបត្ថម្ភ។

បន្ថែមពីលើនេះ អនុប្រធាន IFAD បានកោតសរសើរចំពោះការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដោយឱ្យមានអ្នកបច្ចេកទេសកសិកម្ម នៅតាមឃុំ និងកម្មវិធីស្រោចស្រប់ ដើម្បីផលិតកសិផលមានគុណភាពស្របតាមតម្រូវការទីផ្សារ។

លោកស្រី ពូរី បានជម្រាបសម្តេចតេជោថា មូលនិធិ IFAD គាំទ្រនូវកិច្ចប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលនិធិ IFAD គឺជាអង្គការដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ និងមានទស្សនៈដូចគ្នា។ សម្តេចតេជោ ស្នើឱ្យបន្តភាពជាដៃគូល្អនេះទៅមុខទៀត។

សម្តេចតេជោ បានមានប្រសាសន៍ដែរថា កម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍កសិកម្ម និងជនបទ។ ពោលចង់ធ្វើយ៉ាងណាឱ្យកសិករផលិត ហើយទទួលបានផលចំណេញ និងចង់រក្សាពលរដ្ឋដើរឆ្លងផុតបន្ទាត់ភាពក្រីក្រហើយ មិនឱ្យធ្លាក់ទៅវិញ។

បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ចង់ជំរុញវិស័យកសិកម្មឱ្យទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយសារជាថ្មីម្តងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយមូលនិធិ IFAD។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចប្រកាសបង្កើនកញ្ចប់ថវិកាវិភាគទាន ទៅមូលនិធិ IFAD ពី ៦០ម៉ឺនដុល្លារ ទៅដល់ ១លានដុល្លាររយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។

សូមបញ្ជាក់ថា លោកស្រី ច្យូតស្នា ពូរី បាននិងកំពុងដឹកនាំគណៈប្រតិភូមូលនិធិអន្តរជាតិ IFAD ទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យរបស់ខ្លួន។

មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង។

ដោយមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងរ៉ូម (Rome) នៃប្រទេសអ៉ីតាលី IFAD បានចូលរួមជាមួយគម្រោងជាង២០០ នៅក្នុងប្រទេសជិត១០០។ IFAD បានផ្តល់មូលនិធិ និងឧបត្ថម្ភគំនិតផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងដី និងទឹក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាល និងអប់រំ កសិករអំពីការប្រើប្រាស់ បច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពជាងមុន បង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនភាពងាយស្រួលសម្រាប់ការចូលទៅកាន់ទីផ្សារ រួមទាំងគម្រោងជាច្រើនទៀត។

IFAD មានប្រទេសជាសមាជិកចំនួន១៧៧ ហើយធ្វើការក្នុងភាពជាដៃគូជាមួយអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៧៧។ IFAD បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ២២.៤ពាន់លានដុល្លារអាមេរិក ហើយបានសម្របសម្រួលថវិកាបន្ថែមចំនួន ៣១ពាន់លានដុល្លារអាមេរិក នៅក្នុងសហហិរញ្ញប្បទានអន្តរជាតិ និងក្នុងស្រុក៕