(កណ្តាល)៖ មានប្រជាពលរដ្ឋ បានរាយការណ៍មកថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អាជីវកម្មប្រមូលផ្តុំ ចែកចាយ និងពិឃាតបក្សីមួយកន្លែង ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានម្ចាស់ឈ្មោះ ឡុង ចាន់ណារី នៅតែបន្តលួចបើកដំណើរការ បើទោះបីជាអាជីវកម្មមួយនេះធ្លាប់ត្រូវបានក្រុមការងារជំនាញរបស់ក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានចុះទៅបិទកាលពីចុងខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះក៏ដោយ។

លោក ប៊ុនទួន ស៉ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា អាជីវកម្មប្រមូលផ្តុំ ចែកចាយ និងពិឃាតបក្សីខាងលើនេះ ធ្វើនៅទីតាំងក្បែរមាត់ទន្លេ ធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។ ហេតុនេះហើយ បានជាកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកបានឲ្យបិទអាជីវកម្មសិន និងរង់ចាំប្តូរទីតាំងថ្មីសមស្របទៅតាមបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។

លោកបន្តថា ដោយសារម្ចាស់អាជីវកម្មមិនអនុវត្តតាម កាលពីចុងខែមករា ឆ្នាំ២០២៣ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម និងមន្ត្រីមន្ទីរកសិកម្ម ខេត្តកណ្តាល ក៏បានចុះទៅពិនិត្យ និងបិទទៀតផងដែរ។

ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អាជីវកម្មខាងលើ នៅតែលួចបើកដំណើរការដដែល និងសូមឲ្យមន្រ្តីជំនាញ និងអាជ្ញាធរចុះពិនិត្យ ហើយចាត់វិធានការតាមច្បាប់ ឲ្យតឹងរឹងផង៕