(ថៃ, បាងកក)៖ ស្ដ្រីពលករខ្មែរម្នាក់បានទៅប្រកបមុខរបររកស៉ីជាអ្នកលក់បន្លែ នៅផ្សារក្នុងក្រុងបាងកក ប្រទេសថៃ ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយខូចក្រលៀនទាំងសងខាង ដំណាក់កាលចុងក្រោយ កំពុងដង្ហោយរកជំនួយពីសប្បុរសជន ក្រោយខ្លួនអស់លទ្ធភាពដើម្បីព្យាបាលជំងឺ។

មានស្រុកកំណើតនៅស្រុកបវេល ខេត្តបាត់ដំបង ស្ដ្រីឈ្មោះ យឿត ធីញ អាយុ២៧ឆ្នាំ បានចំណាកស្រុកទៅកាន់ប្រទេសថៃ ដើម្បីជីវភាព ប៉ុន្ដែទៅបានប៉ុន្មានឆ្នាំស្រាប់តែធ្លាក់ខ្លួនឈឺតែម្ដង។

ក្រុមគ្រួសាររបស់ស្ដ្រី យឿត ធីញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា តាមការពិនិត្យរបស់គ្រូពេទ្យនៅប្រទេសថៃ បានអះអាងថា ស្ដ្រី យឿត ធីញ បានខូចក្រលៀន ទាំងសងខាងដំណាក់កាលចុងក្រោយ។ ប៉ុន្ដែស្ថានភាពនេះ អាចព្យាបាលបានលុះត្រាតែទៅប្ដូរក្រលៀននៅប្រទេសឥណ្ឌា គ្រាដែលក្រុមគ្រួសារពុំមានលទ្ធភាពគ្រប់គ្រាន់នោះឡើយ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News ក្រុមគ្រួសារស្ដ្រី យឿត ធីញ មានតែម្រាមដៃ១០សំពះអង្វរករដល់សប្បុរសជន ជួយឧបត្ថម្ភជាធនធានថវិកាដល់ក្រុមគ្រួសារតាមលទ្ធភាពផងចុះ ដើម្បីគាត់អាចមានឱកាសស្វែងរក ការព្យាបាល បើមិនដូច្នេះទេម្ល៉េះបងស្រីរបស់គាត់ប្រហែលមានឱកាសដើម្បីបន្ដជីវិតទៀតនោះទេ។

ពាក់ព័ន្ធករណីស្ដ្រី យឿត ធីញនេះ កន្លងទៅថ្មីៗនេះ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ក៏បានជួបស្ដ្រី យឿត ធីញ ដោយផ្ទាល់ផងដែរនៅក្នុងផ្សារទីដែលគាត់លក់បន្លែ។ ពេលនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ ដល់ស្ដ្រី យឿត ធីញ ដើម្បីជាការចូលរួមចំណែកប្រើប្រាស់ក្នុងការព្យាបាល៕

បើសប្បុរសជនចង់ជួយស្រ្តីរងគ្រោះ អាចទាក់ទងតាមលេខទូរសព្ទ 0967344002, 062 90 76 500។

ហើយបងប្អូន អាចជួយបរិច្ចាគជូនគាត់តាមរយ:ធនាគារ ABA : 002649594 ( Leng Ra ) និងBANGKOK BANK / ธนาคารกรุงเทพ ACOUNT NUMBER: 9270153142 (SREYROTH CHHAM)។