(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំ «កិច្ចប្រជុំបូកសរុបការងារប្រចាំគ.ស.២០២២ និងលើកទិសដៅការងារសម្រាប់គ.ស.២០២៣» នៅខេត្តមណ្ឌលគីរី ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ និងទី៣ ខែកុម្ភៈ គ.ស.២០២៣ ក្រោមអធិបតីភាពរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ដោយមានការចូលរួមពីលោកស្រីអគ្គនាយករងទាំងពីរ លោក/លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់នៃនិយ័តករធានារ៉ាប់រងកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងបូកសរុបសមិទ្ធផលការងារដែលសម្រេចបានក្នុងគ.ស. ២០២២ បញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់គ.ស. ២០២៣ របស់និយ័តករធានារ៉ាប់រងកម្ពុជា។

 ជាកិច្ចចាប់ផ្តើមលោកអគ្គនាយកបានធ្វើសន្ទរកថា បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថានេះជាឆ្នាំទី២ ដែលនិយ័តករធានារ៉ាប់រងបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដោយលើកទី១បានប្រព្រឹត្តទៅក្នុងខេត្តសៀមរាប និងលើកទី២ ក្នុងខេត្តមណ្ឌលគិរីនេះ ដែលកិច្ចប្រជុំនេះពិតជាមានសារសំខាន់ក្នុងការពិនិត្យ និងវាយតម្លៃទៅលើសមិទ្ធផលការងារនានា ដែលនិយ័តករធានារ៉ាប់រងកម្ពុជាបានអនុវត្តក្នុងអំឡុងពេលមួយឆ្នាំកន្លងមក និងជាការជួបជុំដ៏ធំមួយរបស់និយ័តករធានារ៉ាប់រងកម្ពុជាផងដែរ។

ជាកិច្ចបន្ទាប់ នាយកដ្ឋាននីមួយៗរបស់និយ័តករធានារ៉ាប់រងកម្ពុជា បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារប្រចាំគ.ស.២០២២ ដោយមានរំលេចនូវបញ្ហាប្រឈមនានា ដែលនាយកដ្ឋានរបស់ខ្លួនជួបប្រទះកន្លងមក ដើម្បីសុំការណែនាំបន្ថែមពីថ្នាក់ដឹកនាំ ក្នុងការអនុវត្តទិសដៅការប្រចាំគ.ស.២០២៣ប្រកបទៅដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាពខ្ពស់ និងសម្រេចបានគោលដៅប្រសើរជាងឆ្នាំកន្លងទៅ៕