(ភ្នំពេញ)៖ បន្ទាប់ពីតុលាការសម្រេចឃុំខ្លួនលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគារជិតមួយខែមកហើយ រហូតមកទល់ពេលនេះ ក្រុមមេធាវីដែលការពារក្ដីសំណុំរឿងនេះ ពុំទាន់សម្រេចស្នើឲ្យតុលាការដោះលែង នៅក្រៅឃុំនៅឡើយទេ។ មេធាវីមួយរូបបញ្ជាក់ថា ក្រុមមេធាវីកំពុងសិក្សាសំណុំរឿងនៅឡើយ។
លោកមេធាវី ពេជ រតនា អត្តលេខ៣៤៦ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោក លី លិបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រលប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ ចំពោះចៅក្រម តាមមាត្រា៥១៨នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ ។
ពាក់ព័ន្ធករណីនេះ លោកមេធាវី សាំង វណ្ណៈ មេធាវីមួយរូបការពារក្តីលោក ពេជ រតនា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ថា រហូតមកទល់ពេលនេះ ក្រុមមេធាវីកំពុងសិក្សាសំណុំរឿងនៅឡើយ ពោលគឺពុំទាន់បានដាក់ពាក្យស្នើឲ្យមានការដោះលែងលោកមេធាវី ពេជ រតនា នៅឡើយទេ។ លោកមេធាវី បញ្ជាក់ថា ចៅក្រមស៊ើបសួរ កំពុងចាត់ការបន្តតាមនីតិវិធី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានចាត់មេធាវីចំនួន៦រូប ដើម្បីជួយការពារផ្នែកច្បាប់ជូនលោក ពេជ រតនា ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅល្ងាចថ្ងៃទី៣១ ខែឧសភា ពាក់ព័ន្ធនឹងអំពើពុករលួយ។
មេធាវីទាំង ៦រូប ដែលជួយការពារក្ដីឱ្យមេធាវី ពេជ រតនា រួមមាន លោក សាំង វណ្ណៈ លោក អ៊ីវ ប៉ូលី លោក ជូ ចាន់ធីរ៉ា លោក លីវ សុវណ្ណា អ្នកស្រី សៅ កញ្ញា និងលោក ឈី សម្បត្តិ។ មេធាវីទាំង ៦រូបនេះ សុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
មេធាវី ពេជ រតនា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនទៅសាកសួរកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើពុករលួយ។ បន្ទាប់ពីសាកសួរអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនលោកនៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែលនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយរយៈពេល៤៨ម៉ោង។
លោក ពេជ រតនា គឺជាមេធាវីនៃការិយាល័យក្រុមមេធាវីយុត្តិធម៌ និងសហការី ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានចូលបម្រើការជាមេធាវី ពេញសិទ្ធិនៅឆ្នាំ២០០៦៕