(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយរដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារ របស់គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តសៀមរាប បានលើកឡើងថា ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ បានឆ្លងកាត់ការលំបាក និងបញ្ហាស្មុកស្មាញជាច្រើនអនេកយ៉ាងក្ដី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជជាតិ និងប្រជាជនគ្រប់ ដំណាក់កាល រួមឆ្លងកាត់ការតស៊ូប្រឆាំង នឹងរបបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។
សង្គ្រាមដែលបង្កឡើង ដោយសាររបបសាធារណរដ្ឋកម្ពុជា លន់ ណុល និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ ដល់១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិ និងប្រជាជនពីការធ្វើទារុណកម្ម និងការសម្លាប់រង្គាល យ៉ាងឃោរឃៅព្រៃផ្សៃបំផុត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទីឲ្យធ្លាក់ចុះ ដល់ចំណុចសូន្យ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយរដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងបែបនេះ ខណៈ លោកចួលរួមនៅក្នុងពិធីប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានសម្ដែងនូវកតញូតាធម៌ដ៏ជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាល តែងតែប្រកាន់ខ្ជាបឥតប្រែប្រួល នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ «ប្រជាធិបតេយ្យ ប្រជាជន» ក្នុងន័យថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកើតពីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ធ្វើជាស្នូលនៃ ការបង្រួបបង្រួមជាតិ និងបង្រួបបង្រួមកម្លាំងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានការរើសអើង ជាកម្លាំងមហាសាមគ្គីជាតិដ៏ធំទូលាយ ពុះពារឆ្លង់កាត់គ្រប់ឧបសគ្គ ហើយហ៊ានពលកម្មឥតរួញរា ក្នុងការបម្រើផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ជាតិ មាតុភូមិ និងប្រជាជន។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នាយឧត្តមសេនីយ៍ ទៀ បាញ់ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត តែងតែជួបជុំគ្នាប្រារព្ធពិធីមីទិ្ទញអបអរសារខួបអនុស្សារវីយ៍ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាប្រវត្តិសាស្ត្រនេះ នៅក្នុងខេត្តសៀមរាប៕