(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រាជបណ្ឌិត្យសភាកម្ពុជា បានបាឋកថា ស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអង្គរទៅអង្គការ (The History of Cambodia : from Angkor to Angkar)»។ បាឋកថានេះបានធ្វើឡើងដោយបណ្ឌិត ភីតធ័រ អូស្តា សេវស្គី Piotr Ostaszewski អ្នកជំនាញប្រវត្តិសាស្ត្រកម្ពុជា និងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ប៉ូឡូញប្រចាំសាធារណរដ្ឋកូរ៉េ។

លោកបណ្ឌិត ភីតធ័រ អូស្តា សេវស្គី បច្ចុប្បន្នជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉ូឡូញ ប្រចាំសាធារណរដ្ឋកូរ៉េ ទទួលបានបណ្ឌិតប្រវត្តិសាស្ត្រឆ្នាំ១៩៩៨ និងទទួលបានងារវិទ្យាសាស្ត្រខ្ពស់បំផុតនៅប៉ូឡូញ ឆ្នាំ២០១៣ ជាសាស្ត្រាចារ្យ Full professorship បានសិក្សាស្រាវជ្រាវ និងបោះពុម្ពស្នាដៃជាច្រើនពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រសំខាន់ៗកម្ពុជា បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតជាច្រើន។

លោកបណ្ឌិត ភីតធ័រ អូស្តា សេវស្គី ក៏បានបង្ហាញពីការរីកចម្រើនដ៏រុងរឿងរបស់ណាចក្រអង្គរ និងការធ្លាក់ចុះជាបន្តបន្ទាប់របស់អាណាចក្រអង្គរជាដើម។ លោកថាការឡើងខ្ពស់ត្រដែតរបស់អាណាចក្រអង្គរ ដោយសារតែស្ថិតនៅ ភូមិសាស្ត្រល្អ មានស្ថិរភាពនយោបាយ មានប្រព័ន្ធច្បាប់រឹងមាំ បូករួមការគ្រប់គ្រងបានយ៉ាងល្អពីសំណាក់ព្រះរាជា។

លោកបណ្ឌិត បានបន្ថែមថា ដោយឡែកសម្រាប់ហេតុផលនៃការធ្លាក់ចុះរបស់អាណាចក្រអង្គរ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រព័ន្ធធារ៉ាសាស្ត្រមានការខូចខាត មិនអាចឱ្យប្រជាជនរស់នៅរាជធានីអង្គរ អាចប្រកបរបរកសិកម្មបាន រហូតរើលំនៅដ្ឋានទៅទីតាំងផ្សេង ជាពិសេសការបែកបាក់សង្គមតាមរយៈការគោរពប្រតិបត្តិសាសនាជាដើម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បាឋកថា ស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអង្គរទៅអង្គការ» ពិតជាសក្តិសមនឹងនិន្នាការបច្ចុប្បន្ន រួមនឹងចំណេះដឹងនៃដំណើរវិវត្តន៍ សង្គម នយោបាយកម្ពុជា ដែលនឹងបង្ហាញពីចក្រភពខ្មែររហូតដល់សម័យកាលអង្គការ (សម័យរុងរឿងបំផុត និងសម័យធ្លាក់ចុះដល់សូន្យ ក្នុងរវាង៨០០ឆ្នាំ) បានជាឯកសារជំនួយស្មារតីដ៏សំខាន់ដាស់តឿនប្រជាជាតិខ្មែរនូវគុណតម្លៃសុខសន្តិភាព។

លោកបណ្ឌិត យង់ ពៅ ក៏បានបង្ហាញទស្សនផ្ទាល់ខ្លួន លើសារៈសំខាន់នៃចំណេះដឹងប្រវត្តិសាស្ត្រ «ប្រវត្តិសាស្ត្រជាទ្រព្យដើមគ្រា បើគិតតាមន័យសេដ្ឋកិច្ច» ហើយបើ «គិតតាមគំនិតនយោបាយ ប្រវត្តិសាស្ត្រជាចំណុចគោលនៃចក្ខុវិស័យជាតិ» កំហុសឆ្គងក្នុងប្រវត្តិសាស្ត្រគឺជាមេរៀន ចំណុចល្អៗនៃប្រវត្តិបានជាការចងចាំ៕