(ភ្នំពេញ)៖ យុវតី វ៉ុន សុរ៉ានី គឺជាសិស្សតែម្នាក់គត់ដែលទទួលបាននិទ្ទេស A សម្រាប់ ឆ្នាំ២០២២ ក្នុងចំណោមសិស្សជាង ១០០នាក់ មកពីវិទ្យាល័យបួរ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វិទ្យាល័យបួរ អាចរាប់ថាជាវិទ្យាល័យដាច់ស្រយាលមួយ លើទឹកដីជាយដែនខ្មែរ-ថៃ។

យុវតី សុរ៉ានី ទទួលបានមធ្យមភាគ ៩៩.៨៩១ ដែលជាលំដាប់មធ្យមភាគកម្រិតខ្ពស់ មួយ ក្នុងចំណោមសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២២។ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ យុវតី សុរ៉ានី និងម្តាយរបស់ខ្លួន ក៏ទទួលបានឱកាសដ៏កម្រចូលរួមក្នុងពិធី សំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារផងដែរ។

សុរ៉ានី និងម្តាយ មិនធ្លាប់បានជួបសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់បែបនេះឡើយ កាលពីមុនមក។ ឱកាសបានជួបប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ គឺជាក្តីត្រេកអរ និងរីករាយបំផុតសម្រាប់យុវតីជាយដែន សុរ៉ានី និងម្តាយ។

យុវតី សុរ៉ានី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «នាងខ្ញុំមានអារម្មណ៍ថា សប្បាយ ហើយរំភើបមែនទែន ដែលមានឱកាសដ៏កម្រចូលរួមកម្មវិធីសំណេះសំណាល។ ជាពិសេសបានជួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់»

ជាប់បាក់ឌុប ជាមួយនិទ្ទេស A ជារឿងរីករាយមួយ តែដំណើរជីវិតសិក្សារបស់យុវតី សុរ៉ានី ក៏ដូចសិស្សជាប់បាក់ឌុបដទៃទៀត មិនទាន់ដល់ទីបញ្ចប់នោះឡើយ។ ពួកគេនឹងត្រូវបន្តដំណើរមួយដ៏វែងឆ្ងាយទៀត ដើម្បីឆ្ពោះគោលដៅ និងសម្រេចបំណងរបស់ខ្លួន។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News យុវតី សុរ៉ានី ក៏បានរៀបរាប់ពីគោលបំណង និងគោលដៅបន្តនៃជីវិតសិក្សារបស់ខ្លួនផងដែរ។ ដោយសារតែជាយុវតីរស់លើដីជនបទ ឃើញគ្រួសារខ្លួន ក៏ដូចជាប្រជាពលរដ្ឋជនបទលំបាកក្នុងការស្វែងរកសេវាព្យាបាលជំងឺ បានធ្វើឱ្យសិស្សនិទ្ទេស A មកពីដីជាយដែនថៃរូបនេះ ចិញ្ចឹមចិត្តចង់ក្លាយជាគ្រូពេទ្យមួយរូប។

បន្ទាប់ពីប្រលងជាប់ហើយទោះបីបាននិទ្ទេស A យ៉ាងណាក្តី តែយុវតី សុរ៉ានី មិនបានទៅដាក់យកអាហារូបករណ៍នៅសាលាណានោះឡើយ ហើយថែមទាំងបោះបង់អាហារូបករណ៍ជំនាញគីមីចំណីអាហារ ពីសាកលវិទ្យាល័យបាត់ដំបងថែមទៀត។ ពេលនេះ យុវតី សុរ៉ានី កំពុងប្រឹងប្រែងរៀនបន្ថែមត្រៀមប្រលងចូលសាកលវិទ្យាល័យសុខាភិបាល។

«ខ្ញុំស្រឡាញ់ការងារ [ពេទ្យ] ហ្នឹង តាំងពីតូច ហើយខ្ញុំចង់ជួយដល់ប្រជាជនខ្មែរយើង បានរួចផុតពីទុក្ខលំបាកដោយសារជំងឺតម្កាត់ផ្សេងៗ»។ នេះជាការបញ្ជាក់របស់ សុរ៉ានី ពីបំណងចង់ក្លាយជាគ្រូពេទ្យ។

មុខវិជ្ជាពេទ្យ គឺជាមុខវិជ្ជាមួយដែលតម្រូវឱ្យសិក្សារយៈពេលយូរ ហើយថ្លៃសិក្សាក៏ខ្ពស់ផងដែរ។ សុរ៉ានី ចង់រៀនយកថ្នាក់ដុកទ័រ ដែលតម្រូវការពេល សិក្សាប្រមាណ ៨ឆ្នាំ ហើយត្រូវចំណាយថ្លៃសិក្សាប្រមាណ ១,៦៥០ដុល្លារក្នុងមួយឆ្នាំ។

សុរ៉ានី បានបញ្ជាក់ដែរថា យោងទៅតាមលក្ខខណ្ឌសាកលវិទ្យាល័យសុខាភិបាល ខ្លួនមិនអាចទទួលបានអាហារូបករណ៍នោះឡើយ បើទោះបីខ្លួនអាចប្រលងជាប់ ក៏ដោយ។ ការមិនទទួលបានអាហារូបករណ៍ ដោយសារតែ សុរ៉ានី ធ្លាប់ត្រូវបាន សាកលវិទ្យាល័យដទៃផ្តល់អាហារូបករណ៍រួចហើយ។

ជាកូនអ្នកចម្ការមកពីដីជនបទថ្លៃសិក្សា និងការចំណាយផ្សេងៗសម្រាប់បំណងរៀនពេទ្យ កំពុងក្លាយទៅជាឧបសគ្គ និងក្តីបារម្ភមួយសម្រាប់យុវតី សុរ៉ានី ព្រោះខ្លាចឪពុកម្តាយ មិនអាចទ្រទ្រង់ការសិក្សារបស់ខ្លួនដល់ទីបញ្ចប់។

ឪពុកម្តាយយុវតី សុរ៉ានី គឺជាកសិករធ្វើចម្ការនៅក្នុងឃុំបួរ ហើយបច្ចុប្បន្នមានកូន៣នាក់ ស្ថិតនៅក្នុងបន្ទុក និងត្រូវរ៉ាប់រងការសិក្សា។ អ្នកស្រី ហេន ផូ ជាម្តាយរបស់យុវតី សុរ៉ានី បានប្រាប់ Fresh News ថា ជាអ្នកចម្ការចំណូលមិនទៀងទាត់ ឆ្នាំខ្លះចំណេញ ឆ្នាំខ្លះក៏ខាត។ ដូច្នេះអ្នកស្រី ក៏មានការបារម្ភផងដែរ សម្រាប់ទ្រទ្រង់ការសិក្សាកូនស្រី ឱ្យបានចប់ចុងចប់ដើមតាមបំណង។

ទោះបីបារម្ភខ្វះលទ្ធភាពទ្រទ្រង់ការសិក្សាកូនស្រី តែអ្នកស្រី ហេន ផូ មិនហ៊ានត្អូញត្អែរប្រាប់កូនស្រីនោះឡើយ ព្រោះខ្លាចកូនស្រីបាក់ទឹកចិត្ត។

អ្នកស្រី ហេន ផូ បានបញ្ជាក់ដូច្នេះ «ខ្ញុំធ្វើស្រែចម្ការលិចអណ្តែត ពីរឆ្នាំនេះធ្វើអត់បានទេ។ ដំឡុងរលួយអស់ ដោយសារភ្លៀង ហើយពោតអីមិនសូវបាន ខ្ញុំធ្វើសណ្តែកសៀងផង ធ្វើនេះបន្តិច ធ្វើនោះបន្តិច។ កូនចង់រៀនពេទ្យ ហើយកូនសួរថា ម៉ាកអាចស្ទុះរួចអត់? ខ្ញុំមានតែថា អាចស្ទុះរួច ដើម្បីជាកម្លាំងចិត្តឱ្យកូន»

ដើម្បីសម្រេចបំណងកូនស្រីចង់ក្លាយជាគ្រូពេទ្យ អ្នកស្រី ហេន ផូ បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាអាណិតផ្តល់អាហារូបករណ៍ ដល់កូនស្រីរបស់ខ្លួន។

យុវតី សុរ៉ានី ក៏បានគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់អាហារូបករណ៍ ដើម្បីខ្លួនបានសម្រេចបំណងក្លាយជាគ្រូពេទ្យនេះផងដែរ៕