(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលតាមបណ្តាក្រុង-ស្រុក ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋតាមមូលដ្ឋានឱ្យបានឆាប់រហ័ស ស្របនឹងបទបញ្ជារនេះកម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ តែងតែបានចុះធ្វើសកម្មភាពជាប់ជាប្រចាំ។

ជាក់ស្តែងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុងទាំង៩ ក៏បានបន្តចុះពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់។ ក្រៅពីធ្វើផ្ទាល់នៅអធិការដ្ឋានគ្រប់ក្រុង-ស្រុក នគរបាលជំនាញក៏បានបែកចែកកម្លាំងជា២ក្រុម ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ តាមបណ្តាឃុំ សង្កាត់ ដើម្បីពន្លឿនជូនដល់ប្រជាពលរដ្ឋ យកឯកសារនេះទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ទិញលក់ដីធ្លី ដាក់ពាក្យបម្រើការងារ ឬប្រកបអាជីវកម្មផ្សេងៗ។

ស្របជាមួយគ្នា កម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុងទាំង៩ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ទាំងអ្នកទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់ និងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ខាងមុខផងដែរ៕