(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានារបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ និងអនុវត្តកន្លងមក ក្នុងការរួមគំនិត មតិយោបល់ ធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីគ្រប់មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ រួមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះលោក ស្បោង សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារ របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានយក អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាមួយគ្នានេះ លោក ស្បោ សារ៉ាត់ ក៏បានលើកឡើងចំណុចសំខាន់ៗ មួយចំនួនសម្រាប់ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់ប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។

បន្ថែមលើសពីនេះត្រូវតាមដាន និងក្តាប់ឲ្យបានរដ្ឋភាពបាសកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវ ភូមិ ឃុំមានសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋានមូលដ្ឋាន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់ និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន ដែលជាដើមចមបង្ករឲ្យមានបញ្ហានៅក្នុងសង្គម ធ្វើឲ្យខូចដល់សេដ្ឋកិច្ចសង្គម ជាពិសេស ធ្វើឲ្យអសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក ស្បោ សារ៉ាត់ បានបន្ថែមថា អាជ្ញាធរពាក់ពន្ធ័ត្រូវបន្តត្រួតពិនិត្យឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហើយជំរុញឲ្យបានល្អក្នុងការផ្តល់ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ ដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះ បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យ ពិភាក្សាចូលរួមផ្ដល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា និងសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត, ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៣-២០២៥ របស់រដ្ឋ បាលខេត្តព្រៃវែង៕