(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) សិក្សាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋនៅប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញ ដោយសារតែបច្ចុប្បន្ន ប្រជាជនដែលរស់នៅប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់មិនទាន់គ្រប់គ្រាន់នៅឡើយ។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុប្រជុំកិច្ចពិភាក្សា ស្តីពីការរៀបចំសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង JICA នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងពង្រីករោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣នេះ នឹងចាប់ផ្តើមសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤ ដើម្បីឈានទៅចាប់ផ្តើមសាងសង់រោងចក្រ នៅឆ្នាំ២០២៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៩។
លោកបន្តថា គម្រោងពង្រីករោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី ៣ នឹងមានសមត្ថភាពផលិតប្រមាណ ១៣០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយនឹងធ្វើការបែងចែកទៅតំបន់ជាយរាជធានីភ្នំពេញ ជាប់ព្រំប្រទល់ខេត្តកណ្តាល ពោលគឺតំបន់ភាគខាងកើតនៃរាជធានីភ្នំពេញ (កៀនស្វាយ ព្រែកឯង), តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ( តំបន់ខាងត្បូង និងខាងលិចចម្ការដូង) និងមួយផ្នែកទៀត ចែកចាយទៅខេត្តកណ្តាល។
លោកបានឱ្យដឹងទៀតថា «ចាប់ពីខែមេសា ឆ្នាំ២០២៣ នេះតទៅ ទីប្រឹក្សាបច្ចេកទេស នឹងចាប់ផ្តើមសិក្សាពីសមិទ្ធលទ្ធភាពនៃគម្រោងនេះ ។ ក្រោយពីបញ្ចប់ការសិក្សានេះ យើងនឹងចាប់ផ្តើមធ្វើការពិភាក្សាទៅលើចំនួន ឥណទានដែលយើងត្រូវខ្ចីទៅលើគម្រោងទាំងមូល ហើយក្រោយពីកិច្ចព្រមព្រៀងទៅលើចំនួនកម្ចី ដែលយើងខ្ចីហើយ យើងនឹងចាប់ផ្តើមធ្វើការដេញថ្លៃជ្រើសអ្នកសាងសង់ អ្នកត្រួតពិនិត្យសំណង់ ដើម្បីធានាការសាង់សង់គម្រោងនេះ ចាប់ពីឆ្នាំ២០២៦ ហើយសំណង់នឹងត្រូវចប់នៅឆ្នាំ២០២៩»។
លោកបន្ថែមថា ការរៀបចំសិក្សាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ គឺដើម្បីជំរុញការផ្គត់ផ្គត់ទឹក ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០៣០ ពោលគឺត្រូវផលិតទឹកឱ្យបាន ១លាន៨សែនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនមានទឹក ប្រើប្រាស់គ្រប់គ្រាន់។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នអ្នកប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ៤៥ម៉ឺនអតិថិជន ដែលនៅឆ្នាំ២០៣០ អតិថិជនប្រើប្រាស់ទឹកនៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ប្រមាណ១លាន៧សែន៦ម៉ឺនអតិថិជន។
គួរជម្រាបថា នៅឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាត ប្រមាណ ៦៦០ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅអតិថិជនចំនួន៤៥ម៉ឺនគ្រួសារ។ តែយ៉ាងណាការផ្គត់ផ្គង់ទឹក នៅតែមានភាពខ្វះខាត ខណៈតម្រូវការទឹកបច្ចុប្បន្នមានប្រមាណពី ៧សែន៥ម៉ឺនម៉ែត្រគូប ទៅ៨សែន ម៉ែត្រគូប ក្នុងមួយថ្ងៃ៕