(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងការត្រួតពិនិត្យស្ថានភាពកន្លែងឃុំឃាំង»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា រយៈពេល២ ចាប់ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារពូលូវ៉ៃ ភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ព្រមទាំងក្រុមមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សរុបចំនួនប្រមាណ២៥នាក់។

នៅក្នុងឱកាសនោះ លោក កែវ រ៉េមី បានថ្លែងថា គ.ស.ម.ក. តែងតែចុះពិនិត្យជាប្រចាំនៅតាមពន្ធនាគារ​ មន្ទីរឃុំឃាំង និងមណ្ឌលអប់រំកែប្រែនៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ និងមានយន្តការទទួល និងដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស​ ហើយគ.ស.ម.ក.តែងចុះធ្វើការអប់រំសិទ្ធិមនុស្ស នៅតាមវិទ្យាល័យ សាលាគរុកោសល្យ និងនៅតាមមូលដ្ឋាននានា​ សំដៅធានានូវការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

គួររំលឹកផងដែរថា កន្លងមក គ.ស.ម.ក. តែងតែមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការរៀបចំឱ្យមាននូវសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលនានា ដើម្បីបង្កើនសមត្ថភាពរបស់មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់គ.ស.ម.ក.​ ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណង៖

ទី១៖ ពង្រឹងសមត្ថភាពបន្ថែមចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទារុណកម្ម និងការប្រព្រឹត្តមិនគប្បីការ ត្រួតពិនិត្យកន្លែងឃុំឃាំង ការស៊ើបអង្កេត និងធ្វើរបាយការណ៍លើករណីសង្ស័យមានទារុណកម្ម និងការប្រប្រឹត្តមិនគប្បី

ទី២៖ ចែករំលែកការអនុវត្តបដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងទារុណកម្ម និងការប្រព្រឹត្តមិនគប្បី តាមរយៈ ករណីសិក្សា និងការសម្តែង (role play)

និងទី៣៖ បំពាក់ជូនសមាជិកគ.ស.ម.ក. ជាមួយនឹងឧបករណ៍ និងបច្ចេកទេស ដើម្បីធ្វើការត្រួតពិនិត្យ កន្លែងឃុំឃាំង និងការស៊ើបអង្កេតសិទ្ធិមនុស្ស៕