(ឧត្តរមានជ័យ)៖ អាជ្ញាធរស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចាប់ផ្តើមដាំដើមឈើប្រណិត និងដើមផ្កាចម្រុះ សង្ខាងផ្លូវជាតិ៦៨ ចាប់ពីព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដល់ព្រំប្រទល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងភូមិសាស្ត្រស្រុកចុងកាល់ បន្តាប់ពីដើមឈើ និងដើមផ្កានៅចំណុចខ្លះ ត្រូវបានសត្វស៊ី និងត្រូវភ្លើងឆេះជាបន្តបន្ទាប់។

លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ក្នុងទិសដៅលើកសោភ័ណ្ឌភាពតាមដងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រ ស្រុកចុងកាល់ អាជ្ញាធរបានដាំដើមឈើប្រណិតប្រភេទធ្នង់ និងដើមផ្កាចម្រុះមាន៖ ផ្កាសាឃូរ៉ា ផ្កាឌីយ៉ាថង ផ្កាក្ងោក ផ្កាភួងមង្គល ផ្កាត្របែកព្រៃ សរុបប្រមាណ៤៥០០ដើម ចាប់ពីព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដល់ព្រំប្រទល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ដើមឈើប្រណិត និងដើមផ្កាចម្រុះ ដែលដាំសង្ខាងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រស្រុកចុងកាល់នេះ គឺចំណាយថវិកាប្រមាណ១០០លានរៀល រួមទាំងថ្លៃថែទាំ ដែលថវិកាទាំងនេះ បានមកពីអង្គការ GIZ និងសប្បុរជនមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ ហើយមានការចូលរួមដាំពីអាជ្ញាធរ ភូមិ ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋផងដែរ។

លោកបន្តថា ដើមឈើនិងដើមផ្កាដែលដាំសង្ខាងផ្លូវនេះ មួយចំនួនត្រូវបានសត្វពាហៈនៈស៊ី និងមួយចំនួនទៀតត្រូវភ្លើងឆេះជាបន្តបន្ទាប់។ហើយមូលហេតុដែលឆេះ គឺបណ្តាលមកពីការទ្វេសប្រហែសរបស់ប្រជាពលរដ្ឋ ដូចជាកាបោះកន្ទុយការី ការអុជភ្លើងយកសត្វ ការអាំងត្រី...ជាដើម។

លោក រិទ្ធី ប៉ាក់ បានបញ្ជាក់ថា ដើមឈើប្រណិត និងដើមផ្កាចម្រុះនេះបានដាំតាំងពីឆ្នាំ២០២១មកម្លេះ មានចំនួនសរុប៤៥០០ដើម ជាមួយនឹងការថែទាំ ជាបន្តបន្ទាប់ដូចជា ពូនគល់ កាត់ស្មៅការពារភ្លើងឆេះ ដាក់ជី ស្រោចទឹក បាញ់ថ្មាំការពារនិងសម្លាប់សត្វល្អិត។ហើយកូនឈើនិងផ្កាដែលងាប់ប្រមាណ៤៥០ដើម ក្នុងខែកុម្ភះនេះនឹងត្រៀមដាំឡើងវិញជាបន្តបន្ទាប់ ហើយលោកក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានចូលរួមដាំ ជាមួយនឹងការអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកចុងកាល់របស់យើង៕