(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលូរំដោះទឹកប្រវែង ៣,២៧០ម៉ែត្រ អង្កត់ផ្ចិត១ម៉ែត្រ ដាក់រីហ្គា១១០ កន្លែង នៅភូមិជ្រៃធំ និងផ្លូវបេតុងអាមេ ១ខ្សែប្រវែង ៥៣៦ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ នៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

លោកអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការសម្ភោធសមិទ្ធផលលូរំដោះទឹក និងផ្លូវបេតុងនេះ គឺជាការរីកចម្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដោយមានការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ។

ជាមួយគ្នានេះ លោកសូមកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលខិតខំថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារធារណៈ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅឆ្នាំ២០២២កន្លងមក។

លោកបានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និង អនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្តីគឺ៖ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងឆ្លុះកញ្ចក់,ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន៕