(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដែលតំណាងឲ្យកម្មករ និយោជិត គ្រូបង្រៀន​ កម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិករជិត៥០ម៉ឺននាក់ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ចំណុចស្នួលទាំង៨ដែលបាន ដាក់ចេញក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នឹងទាក់ទាញការគាំទ្រមហាជនគ្រប់និន្នាការនយោបាយទាំងអស់ និងអាចធ្វើឲ្យគណបក្សចាស់វស្សាមួយនេះ ទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ក្នុងឆ្នាំ២០២៣ នាខែកក្កដាខាងមុខនេះ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក៏បានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ នៅទីស្នាក់ការកណ្តាលវិមាន៧មករា ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាវិជ្ជមានជាច្រើនគួឲ្យកត់សំគាល់ ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ជាពិសេសបានដាក់ចេញនូវចំណុចស្នូល៨ចំណុច សំខាន់ៗ សំដៅការពារ លើកស្ទួយសិទ្ធិ និងផលប្រយោជន៏ របស់ប្រជាជនកម្ពុជា។ ការដាក់ចេញនូវចំណុចស្នូលទាំង៨នេះ គឺពិតជាបានបង្ហាញពីការគិតគូររបស់គណបក្ស ប្រជាជនចំពោះ សុខទុក្ខ សុខមាលភាព សេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាការការពារ ឧត្តមប្រយោជន៏ជាតិទាំងមូលផងដែរ ហើយចំណុចស្នូលទាំង៨នេះ គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន គ្រប់និន្នាការនយោបាយទាំងអស់។

NACC សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណុចស្នូល ៨ចំណុចសំខាន់ៗ សំដៅការពារ លើកកំពស់សិទ្ធិ និងផលប្រយោជន៏ របស់ប្រជាជនកម្ពុជា និយាយជារួម។ និងនិយាយដោយឡែក ចំពោះចំណុចស្នូលទី៦ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកតំកើងសិទ្ធិ ផលប្រយោជន៏ និងសេចក្តីថ្លៃថ្នូរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ និយោជិត តាមរយៈការយកចិត្តទុកដាក់តំឡើង ប្រាក់បៀវត្ស ប្រាក់ឈ្នួលអប្បបរមា ប្រាក់សោធននិវត្ត ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងកម្មករ និយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក៏ដូចជាការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រងាយរងគ្រោះ និងស្ត្រីមានផ្ទៃពោះផងដែរ៕