(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះអនុវត្តរឹងបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយត្រួតពិនិត្យជាតិស្រវឹង, ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ, ល្បឿន និងពិនិត្យរកសារធាតុញៀន លើអ្នកបើកបរ។

ការចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ ការអនុវត្តនេះធ្វើឡើងនៅ គីឡូម៉ត្រលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ ដោយសារកត្តាខាងលើ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់ថា យុទ្ធនាការនេះ គឺធ្វើយ៉ាងណាបង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីឱ្យអ្នកបើកបរទាំងនោះគោរពច្បាប់ ជាពិសេសគោរពដល់អាយុវជីវិតខ្លួនឯង និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងឡាយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមស្នងការ គឺយើងបានចុះឆ្មក ដើម្បីធ្វើការត្រួតពិនិត្យទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ទាំងសារជាតិស្រវឹង ទាំងសារធាតុញៀន និងការបើកបរដោយខុច្បាប់»

លោកស្នងការបន្ដថា នេះគឺជាការរឹងបន្តឹងលើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ហើយចាប់ពីថ្ងៃនេះទៅ គឺកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងធ្វើដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាឲ្យអ្នកបើកបរទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពខ្ពស់៕