(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានលើកឡើងថា ប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនទៅមុខបាន លុះត្រាតែមាននីតិរដ្ឋពេញលេញ ប្រជាពលរដ្ឋមានការគោរពច្បាប់ទាំងអស់គ្នា កុំយកបញ្ហាបុគ្គល និងបញ្ហានយោបាយមកលាយលំគ្នា ជៀសវាងការបង្កជាបញ្ហាផ្សេងៗ ក្នុងសង្គម។
លោក ពេជ សោភ័ន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលា នៃវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងគុណភាព និងផលិតភាពការងារ» នាទីស្ដីការក្រសួងការងារថា រាជរដ្ឋាភិបាលបានគិតគូរ ពីបញ្ហាដំឡើងប្រាក់ខែ ជូនកម្មករ ជារៀងរាល់ឆ្នាំរួចមកហើយ ដោយមានការថ្លឹងថ្លែងរវាងប្រាក់ឈ្នួល លទ្ធផលការងារ និងគុណភាពការងារ មិនដូចអង្គភាពមួយចំនួន ដែលបានរិះគន់ និងញុះញង់ឱ្យកម្មករធ្វើបាតុកម្មទាមទារ ដំឡើងប្រាក់ខែនោះទេ។
លោកបន្តថា តាមការស្រាវជ្រាវចុងក្រោយនេះ បានរកឃើញថា «បើគិតជាម៉ោង កម្ពុជាមានតម្លៃពលកម្មថ្លៃជាងគេ បន្ទាប់ពីប្រទេសថៃ គឺខ្ពស់ជាងឡាវ ខ្ពស់ជាងវៀតណាម និងភូមាទៅទៀត»។ បើកម្មករគិតតែពីចង់បានប្រាក់ឈ្នួលខ្ពស់ ហើយមិនគិតពីគុណភាព និងផលិតភាពការងារផងនោះ ថៅកែរោងចក្រនឹងមានការខាតបង់ច្រើន ហើយពួកគេនឹងងាកទៅរកប្រទេសណា ដែលមានតម្លៃពលកម្មថោកជាង ហើយដោយសារប្រទេសកម្ពុជា មានការឈប់សម្រាកច្រើនជាងគេ និងមានការបង្កជាបាតុកម្ម កូដកម្ម ដែលរំខានដល់ដំណើរការផលិតកម្ម។
លោក ពេជ សោភ័ន ចង់ឱ្យគ្រប់ភាគី ដែលទាក់ទងនឹងវិស័យការងារនេះ មានការបន្ទន់ឥរិយាបទ ដើម្បីចូលរួមពិភាក្សាជាមួយគ្នាដោយសន្តិវិធីតាមច្បាប់ ប្រសើរជាងការបង្កចលាចលផ្សេងៗ ដែលធ្វើឱ្យខាតបង់នូវផលប្រយោជន៍ទាំងអស់គ្នា។
លោកបានលើកសង្កត់ធ្ងន់ថា «ប្រទេសយើងអាចអភិវឌ្ឍរីកចម្រើនទៅមុខបាន លុះត្រាតែជាប្រទេសយើង មាននីតិរដ្ឋពេញលេញ ហើយប្រជាពលរដ្ឋត្រូវមានការគោរពច្បាប់ទាំងអស់គ្នា ហើយរាល់បញ្ហាដែលកើតមាននានា ភាគីពាក់ព័ន្ធទាំងអស់ ត្រូវអង្គុយលើតុពិភាក្សា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីតាមច្បាប់ ហើយកុំយកបញ្ហាបុគ្គល និងបញ្ហានយោបាយមកលាយលំគ្នាឱ្យសោះ ច្បាប់គឺច្បាប់ នយោបាយគឺនយោបាយ ជៀសវាងការបង្កជាបញ្ហាផ្សេងៗ ក្នុងសង្គម ព្រោះបើសិនជាស្រុកមានការលំបាក មានបញ្ហាអសន្តិសុខ នោះប្រពលរដ្ឋគ្រប់គ្នា ក៏រស់នៅគ្មានសេចក្ដីសុខដែរ ដូច្នេះយើងទាំងអស់ ត្រូវចូលរួមស្រឡាញ់ជាតិ គិតគូរពីផលប្រយោជន៍ជាតិ តាមរយៈការអភិវឌ្ឍតាមមូលដ្ឋាន កុំបង្កជាចលាចល ក្នុងសង្គម»។
លោកបន្ថែមទៀតថា រាល់ការចោទពីបញ្ហាគ្មានការងារធ្វើ ដែលអ្នកមួយចំនួន បានរិះគន់ថាប្រជាពលរដ្ឋគ្មានការងារធ្វើ មិនមែនជារឿងពិតប្រាកដនោះទេ។ អ្នកដែលមិនបានឆ្លងកាត់ការរៀនសូត្រ ពួកគាត់មានគំនិតថា ការងារនៅក្នុងប្រទេសមិនអាចផ្ដល់ឱ្យគាត់បាន ម្លោះហើយ គាត់ក៏ធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់ ហើយចំពោះ អ្នកដែលបានឆ្លងកាត់ការរៀនសូត្រហើយ មិនទាន់មានការងារធ្វើ ដោយសារពួកគេចង់សិក្សាតែមុខជំនាញខ្ពស់ៗពេក មិនសមស្របទៅនឹងទីផ្សារការងារ ព្រោះទីផ្សារការងារបច្ចុប្បន្ន ត្រូវការច្រើជាងគេ គឺកម្រិតមូលដ្ឋាន បន្ទាប់មកគឺកម្រិតមធ្យម ហើយតិចតួចបំផុតគឺកម្រិតខ្ពស់ ហើយតាមរយៈការចូលរួមក្នុងសិក្ខាសាលានេះ ពួកគេនឹងមានការយល់ដឹងច្រើន។
សូមជម្រាបថា សិក្ខាសាលាវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងគុណភាព និងផលិតភាពការងារ» ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមិថុនាឆ្នាំ២០១៦ ដែលជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់វិស័យធនធានមនុស្សឱ្យមានភាពរីកចម្រើន ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារ៕