(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា» ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យប្រើ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា» ដែលអាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការដាក់ឲ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាជំហានថ្មីក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។

សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២» តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការស្នើសុំ សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)៕