(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹករឿងរ៉ាវមួយពាក់ព័ន្ធការចំណាយថវិកាលើការកសាងសាលារៀន នៅពេលសម្ដេចចុះពិនិត្យមើលសមិទ្ធផលតាមបណ្ដាខេត្ត នាឆ្នាំ២០១៦ ដោយកាលនោះបានចំណាយថវិកាប្រមាណ៤០០លានដុល្លារ ដើម្បីកសាងសាលារៀន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា តំបន់ដែលធ្លាប់តែជាកន្លែងសមរភូមិប្រយុទ្ធកាលពីអតីតកាល ប្រែទៅជាកន្លែងដែលមានសាលារៀនល្អៗ តាមស្ដង់ដារថ្មី ចាប់ពីពីរជាន់ រហូតដល់បួនជាន់ក៏មាន។ ជាក់ស្ដែងចាប់ពីតំបន់ម៉ាឡៃ រហូតដល់ខេត្តប៉ៃលិន, ពីខេត្តព្រះវហារ ដល់ខេត្តឧត្តរមានជ័យជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាមួយនឹងការកសាងសាលាតាមស្ដង់ដារថ្មីកាលពីពេលនេះ ក៏មានការបូកបន្ថែមនូវផ្ទះសម្រាប់គ្រូស្នាក់នៅ និងផ្ទះរបស់សិស្សដែលមានសិក្សា ដែលមានចម្ងាយឆ្ងាយពីផ្ទះនេះផងដែរ។ ប៉ុន្ដែសាលាទាំងអស់នោះ ក៏ធ្លាប់បានប្រើប្រាស់ក្នុងពេលដែលកម្ពុជាប្រឈមជាមួយការរីករាលដាលជំងឺកូវីដ១៩ផងដែរ ដោយសម្រាប់ដាក់អ្នកដែលត្រូវធ្វើចត្តាឡីស័ក គ្រាដែលការសិក្សាត្រូវបានផ្អាក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងដំណើរជាង៦ពាន់គីឡូម៉ែត្រ នៃការធ្វើដំណើររបស់ខ្ញុំទៅតាមបណ្ដាខេត្តនានា ខ្ញុំបានចុះទៅតាមបណ្ដាខេត្តនីមួយៗ ផ្ដល់នូវសាលាដែលមានស្ដង់ដារថ្មី [...] ជំនាន់នោះចំណាយលុយក្នុងរង្វង់ជិត៤០០លានដុល្លារ ហើយសាលានីមួយៗសុទ្ធតែមានផ្ទះគ្រូបង្រៀនបន្ថែម និងមានផ្ទះសិស្សទៀត។ អញ្ចឹងយើងពង្រាយសាលាបានមួយចំនួនបន្ថែមទៀត និងការកសាងថ្មីៗបន្ដ តាមរយៈថវិកាជាតិក្ដី តាមរយៈសប្បុរសជនក្ដី»

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា យុវជនជំនាន់ក្រោយដែលកើតក្នុងកាលៈទេសៈនេះ ពិតជាមានសំណាងណាស់ដែលស្រុកពោរពេញដោយសន្ដិភាព មិនត្រូវរត់លូន ដែលផ្ទុយពីអ្នកជំនាន់មិនមានឱកាសបានរៀនសូត្រ គ្មានសាលាល្អ ហើយត្រូវរត់គេចពីគ្រាប់ផ្លោងថែមទៀតផង។ តែសម្ដេចទទួលស្គាល់ថា ក៏នៅមានការលំបាកមួយចំនួនដែលនៅសេសសល់ ប៉ុន្ដែមិនរាំងស្ទះដល់ដំណើរការនៃការសិក្សានោះទេ។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវប្រុងប្រយ័ត្នរឿងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែសិស្សភាគច្រើនជិះកង់ ឬម៉ូតូ ដូច្នេះត្រូវតែបន្ដប្រុងប្រយ័ត្នលើករណីនេះ ដែលសម្ដេចហៅថា នេះជាឧបសគ្គសម័យថ្មី គឺគ្រោះថ្នាក់ចរាចរណ៍ ខុសពីឧបសគ្គសម័យមុន គឺត្រូវគ្រាប់ផ្លោង។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា កាលពីមុនមានអតុល្យភាពរវាងសេចក្តីត្រូវការ និងការខ្វះសាលា ខ្វះគ្រូបង្រៀន។ តែបច្ចុប្បន្នអតុល្យភាពត្រូវបានកាត់បន្ថយ សាលាកាន់តែច្រើន បានទៅជិតផ្ទះប្រជាពលរដ្ឋ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការសិក្សារបស់សិស្ស។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២២ សំណង់អគាសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានចំនួន៤,៤៨៧ខ្ន​ង ស្មើនឹង២៨,៨១០បន្ទប់៕