(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលជិត១០ឆ្នាំមកនេះ ចាប់តាំងពីលោក ហង់ជួន ណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំថាបាន បញ្ចប់នូវវប្បធម៌អន្តរាគមន៍ និងបានក្លាយជាចលនាប្រកួតប្រជែង ការសិក្សារៀនសូត្រ។​

សម្តេចតេជោបញ្ជាក់ថា ក្រៅពីបញ្ចប់វប្បធម៌អន្តរាគមន៍ ក៏បានបញ្ចប់ផងដែរ នូវវប្បធម៌នាំយកចូល ក្នុងមណ្ឌលប្រឡងនូវឧបករណ៍ សម្ភារៈអេឡិចត្រូនិក និងការបោះប្រុយយ៉ុងផងដែរ ជំនួសមកវិញដោយការជំរុញការខិតខំរៀនសូត្រ ដើម្បីប្រឡងប្រជែង អ្នកចេះគឺជាប់។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ការកែទម្រង់មួយនេះ ដែលបានចាប់ផ្តើមជិត១០ឆ្នាំមុន គឺសម័យប្រឡងដែលយើងបានធ្វើនៅឆ្នាំទី១ [ឆ្នាំ២០១៤] ដែលឯកឧត្តម ហង់ជួន ណារ៉ុន ចូលធ្វើជារដ្ឋមន្ត្រី បានធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបទជាទូទៅ។ ការកែទម្រង់ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាការបង្កើតឲ្យមានការខិតខំប្រឹងប្រែង ពីសិស្សផ្ទាល់ ព្រោះអ្នកចេះបានជាប់ ធ្វើឲ្យវប្បធម៌អន្តរាគមន៍ និងវប្បធម៌នៃការយកចូលឧបករណ៍អេឡិចត្រូនិច និងបោះប្រុយយ៉ុងត្រូវបានបញ្ចប់ ជំនួសវិញដោយការផ្លាស់ប្តូរមួយ នៅត្រង់ថាឪពុកម្តាយ អាណាព្យាបាល បានជំរុញឲ្យកូនចៅប្រឹងប្រែងរៀនសូត្រ នេះជាការផ្លាស់ប្តូរធំណាស់ បើយើងប្រៀបនឹងពេលមុន ដែលមានចំណែកណាមួយនោះ អាចពឹងពាក់លើការអន្តរាគមន៍ ដើម្បីឲ្យកូន ឲ្យចៅ ឬឲ្យក្មួយបានជាប់»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «បើនិយាយអំពីថ្នាក់ក្រោមជាតិ ជាទូទៅផ្នែកអាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ បានខិតខំធ្វើនូវការងារទាំងនេះ [ជំរុញការខិតខំប្រឹងប្រែងរៀនសូត្រ] ដើម្បីធ្វើជាការប្រឡងប្រណាំងរវាងខេត្តមួយនឹងខេត្តមួយ ព្រោះនៅពេលខេត្តខ្លួនឯងអត់មានជាប់និទ្ទេស A ឬក៏ជាប់បាក់ឌុបមានចំនួនតិច ក៏ធ្វើឲ្យខេត្តនោះមិនសូវសប្បាយចិត្ត អីចឹងថ្នាក់ដឹកនាំរបស់ខេត្ត ស្រុក និងមូលដ្ឋានគេតែងតែជំរុញចលនាការរៀនសូត្រនេះ ដែលនោះគឺនាំឆ្ពោះទៅរកអំពើល្អរបស់សិស្សរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលបន្តគាំទ្រ និងជំរុញការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប ដែលធ្វើឲ្យក្លាយជាចលនាជាតិមួយដ៏ល្អ បំផុសឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្រនេះ។ សម្តេចសង្កត់ធ្ងន់ថា នឹងមិនឲ្យចលនានេះដើរថយក្រោយនោះទេ។

សូមរំលឹកថា បើនិយាយដល់ការប្រឡងបាក់ឌុប ដែលជាការល្បងសមត្ថភាពចំណេះដឹង របស់អ្នកសិក្សារៀនសូត្រ ក្នុងកម្រិតអប់រំចំណេះដឹងទូទៅ ក្រោយសិក្សារយៈពេល១២ឆ្នាំនោះ គេប្រាកដជានឹកឃើញដល់ដំណាក់កាល នៃការចាប់ផ្តើមធ្វើកំណែទម្រង់ការប្រឡងដ៏តឹងរឹងបំផុត នាឆ្នាំ២០១៤ ក្រោយលោក ហង់ ជួនណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឆ្នាំ២០១៤ ជាឆ្នាំប្រឡងបាក់ឌុប ដែលមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ ឧបករណ៍អេឡិកត្រូនិក ឬអាចលួចមើល លួចចម្លងគ្នានោះឡើយ។ ឆ្នាំ២០១៤ ក៏ជាឆ្នាំនៃការចងចាំមួយមិនអាចបំភ្លេចបានដែរទាំងអ្នកសិក្សា និងមហាជន ព្រោះជាឆ្នាំដែលសិស្សបាក់ឌុប ធ្លាក់ច្រើនបំផុត និងមានការប្រឡងរហូតដល់ទៅពីរដង។

បើទោះបីជាយ៉ាងណាផ្តើមពីឆ្នាំ២០១៤នោះហើយ ដែលធ្វើឱ្យអ្នកសិក្សាចំណេះដឹងទូទៅចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ និងចាប់ផ្តើមភ្ញាក់រលឹកប្រឹងប្រែងសិក្សា ដោយមិនផ្តេកផ្តួលលើការលួចចម្លង ឬលួចមើលសំណៅឯកសារ នៅពេលប្រឡងទៀតនោះឡើយ៕