(បាត់ដំបង)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុង សុភ័ក្ដ្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំព្រឹក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូនងាយរងគ្រោះចំនួន ១០គ្រួសារ រស់នៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ឱកាសនោះ លោក សុង សុភ័ក្ដ្រ បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន
កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទ
ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

បន្ថែមពីនេះ លោកប្រធានអនុសាខាស្រុកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

លោកបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារព្រោះថាអំណោយ របស់អនុសាខាស្រុក អាចជួយសម្រាល ការលំបាក ដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបង
ប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឲ្យប្រទេសយើង មានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាល ពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ៕