(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាល ក្រុងបាត់ដំបងថ្មី លោក លាង វាសនា ជំនួសលោក ផេង សិទ្ធី ដែលត្រូវឡើងតំណែងជាអភិបាលរងខេត្ត ដែលនឹងត្រូវប្រកាសចូលកាន់មុខតំណែងតាមក្រោយ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តបាត់ដំបង។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលក្រុងរួច, លោក លាង វាសនា ដែលទើបប្រកាសតែងតាំងមុខតំណែងជាអភិបាលក្រុងថ្មី បានឡើងបេ្ដជ្ញាចិត្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល។

លោកអភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមរដ្ឋបាលក្រុងបាត់ដំបង រួមមានកងកម្លាំងទាំង៣និងមន្រ្ដីរាជកាក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រ និងជួយជ្រោមជ្រែងលោកអភិបាលក្រុងថ្មី ក្នុងន័យថា រដ្ឋបាលក្រុងត្រូវមានសកម្មភាពក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោក សុខ លូ ក៏បានណែនាំដល់អភិបាលក្រុង មន្រ្ដីរាជការ ចៅសង្កាត់ទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗ ដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ ដោយមិនត្រូវធ្វើការអនុវត្តរឿងដែល គ្មានការរីកចម្រើនទៅមុខ និងមិនសមស្របទៅតាមបរិបទថ្មីឡើយ។

លោកបានបន្តណែនាំដល់ដល់រដ្ឋបាលក្រុងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា បញ្ហាគ្រឿងញៀនបានបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋ ធ្វើឲ្យមានអំពើចោរកម្មនានាបង្កឱ្យមានជម្លោះក្នុងគ្រួសារ កាប់សម្លាប់ជាដើម។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានប្រាប់រដ្ឋបាលក្រុង ចាត់វិធានការជាបន្ទាន់ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលបង្កឱ្យមានការខូចខាតផ្លូវ ក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់ដែលបានចែង ដោយមិនត្រូវមានការភ័យខ្លាចអ្នកមានអំណាចណាឡើយ។

លោកជំរុញឲ្យរដ្ឋបាលក្រុង បន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាដូសជំរុញពីទី៣ រហូតដល់ទី៥ និងក្រោយរយៈពេល៤ខែឡើង ដើម្បីរក្សាគុណភាពអង់ទីករ នៅក្នុងខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញបន្ទាប់ពីចាក់រួច៤ខែឡើងហើយ និងធ្វើឱ្យគុណភាពអង់ទីករ នៅក្នុងខ្លួននឹងកាន់តែធ្លាក់ចុះជាក់ជាមិនខាន។

លោក សុខ លូ បានក្រើនរំឮកដល់រដ្ឋបាលស្រុកត្រូវបន្តពង្រឹងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើមានសន្ដិភាពនេះឯង។

លោក សុខ លូ លើកឡើងទៀតថា ដើម្បីរក្សាសុខ សុវត្តិភាព ជូនពលរដ្ឋបានល្អ សមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យ គ្រប់ពេល ពិសេសនៅពេលយប់ ចំពោះបញ្ហាគ្រឿងញៀន អាវុធជាតិផ្ទុះ ដោយតឹងរឹងបំផុត។

លោកបន្តថា អាជ្ញាធរនិងសមត្ថកិច្ច រួមសហការគ្នា ចាប់ជនវិប្បល: (ឆ្កួត សសៃប្រសាទ ញៀនថ្នាំ ) យកទៅដាក់មណ្ឌលមួយកន្លែងរបស់រដ្ឋ ដើម្បីអប់រំ ដល់ពួកគាត់ ចៀសវាងដល់ការរក្សាសណ្តាប់ធ្នាប់និង សោភ័ណភាពទីក្រុងស្អាតឲ្យ បានល្អផង។

លោកបានជំរុញបន្ថែមទៀតពីថា គោលដៅដែលយើងបន្តធ្វើមានដូចជា៖
* ចំពោះស្មាតស៊ីធី(ទីក្រុងឆ្លាត)គឺធ្វើឡើងដើម្បីឲ្យទីក្រុងនោះស្អាត ជូនដល់ប្រជាពលស្រួលរស់នៅមានផាសុខភាពល្អ,
* បញ្ហាសម្រាម ត្រូវសម្អាតជានិច្ច មានអនាម័យ និង បរិស្ថានល្អ,
* យើងនៅតែបន្តធ្វើកិច្ចការនេះ បន្ថែមទៀត ធ្វើទាំងផ្លូវថ្នល់ ដីបាក់ច្រាំងស្ទឹង ប្រព័ន្ធលូ ទឹកលិច ជាដើម,
* គ្រប់ផ្លូវថ្នល់ យើងធ្វើជាបន្តបន្ទាប់ ទៅតាមជាក់ស្តែងតាមជំហានៗ ព្រោះផ្លូវក្នុងក្រុងមានដល់១៧៤ខ្សែ មិនអាចធ្វើហើយ បានភ្លាមៗទេ ផ្លូវកន្លែងខ្លះ ស្ទះមិនអាចធ្វើបានដោយ រាជរដ្ឋាភិបាលជាប់កិច្ចសន្យាជាមួយធនាគារ ADB ហើយទាល់ពេលបញ្ចប់កិច្ចសន្យាខាងលើ ទើបយើងអាចបន្តធ្វើបាន ម្យាងទៀតមិនអាចធ្វើយកលឿនបានតាមយើងចិត្តចង់បាននោះទេ។
* អាកាសយាន្តដ្ឋាននៅបាត់ដំបងយើង គម្រោងរបស់រដ្ឋត្រូវធ្វើតាមប្រភេទ4C ដូចអាកាសយាន្តដ្ឋាននៅខេត្តសៀមរាបដែរ ពេលធ្វើហើយខេត្តបាត់ដំបង មានសក្កដានុពល និងមានការទាក់ទាញភ្ញៀវទេស
ចរណ៍ជាតិនិងអន្តរជាតិបានមកលេងកម្សាន្តច្រើន ធ្វើឲ្យប្រជាពលរដ្ឋយើងរកចំណូលបានច្រើន មានជីវភាពធូធានាពេលអនាគតផងដែរ៕