Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារ រដ្ឋបាលសម្រាប់ឆ្នាំ២០២៣ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង

01-02-2023 19:57

(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងាររដ្ឋបាលសម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោកចៅក្រម លោក-លោកស្រីចៅក្រមកម្មសិក្សា ក្រឡាបញ្ជី និងមន្រ្តីទាំងអស់នៃលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា បានលើកឡើងថា ការរៀបចំកម្មវិធីសន្និបាតនាថ្ងៃនេះ គឺជាការធ្វើឡើងស្របនឹងមាត្រា៣៤ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដោយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវធ្វើរបាយកាណ៍សន្និបាតនោះ បញ្ជូនទៅក្រសួងយុត្តិធម៌។ កម្មវិធីនេះ ក៏ជាការជួបជុំមួយដើម្បីផ្ដល់ឱកាសដល់លោកចៅក្រម លោក លោកស្រីព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ដ្រីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លើកឡើងអំពីបញ្ហាប្រឈម ឧបសគ្គនានា ព្រមទាំងសំណូមពរផ្សេងៗ ដែលទាក់ទងនឹងការអនុវត្តការងារ កន្លងមក ដល់ថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ក្នុងគោលបំណងបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានកន្លងមក, ចំពោះបញ្ហាប្រឈមដែលនៅសេសសល់ខ្លះទៀត នឹងត្រូវដោះស្រាយជាបន្តបន្ទាប់ ដោយត្រូវប្រជុំពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំ ក្រុមបច្ចេកទេស និងក្រុមការងារនានា នៃសាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងកំពង់ឆ្នាំង។

លោកបានបន្ដថា នៅក្នុងឆ្នាំ២០២២ កន្លងមកនេះ មន្រ្តីទាំងអស់របស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសសំអាតប្រាក់ និងបទល្មើសសំអាង ក្នុងគោលបំណងចូលរួមជាមួយក្រសួងយុត្តិធម៌ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) និងជួយពង្រឹងតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ព្រមទាំងរួមចំណែកដល់ការប្រឆាំងហិរញ្ញប្បទានដល់អំពើភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាពអាវុធមហាប្រល័យ ដែលជាបញ្ហាសន្ដិសុខរួមរបស់ពិភពលោក។

បន្ថែមលើនេះ លោកប្រធានក៏បានផ្ដល់នូវប្រសាសន៍ផ្ដាំផ្ញើដល់លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោកចៅក្រម លោក-លោកស្រីចៅក្រមកម្មសិក្សា ក្រឡាបញ្ជី និងមន្រ្តីទាំងអស់នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ដោយត្រូវបន្ដខិតខំបំពេញ‌ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ នីតិវិធី វិជ្ជាជីវៈ មនសិការ និងសាមគ្គីគ្នាបន្ថែមទៀត ដើម្បីសម្រេចនូវទិសដៅការងាររដ្ឋបាលដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៣ និងដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការផ្ដល់សេវាយុត្តិធម៌ជូនពួកគាត់។
ជាពិសេសត្រូវខិតខំសិក្សាស្រាវជ្រាវរៀនសូត្រអំពីខ្លឹមសារនៃច្បាប់ថ្មីៗ ដើម្បីបង្កើនសមត្ថភាព និងធានាក្នុងការផ្ដល់យុត្តិធម៌ក្នុងរឿងក្ដី។ ម្យ៉ាងវិញទៀត ត្រូវបន្តការខិតខំព្យាយាម ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ៖ វិរិយសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ និងសូមបំពេញការងារដើម្បីប្រយោជន៍អង្គភាព ប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយយុត្តិធម៌ និងមិនលម្អៀង ពោលគឺ ជៀសឲ្យផុតនូវអគតិទាំង ៤ គឺ ឆន្ទាគតិ ភយាគតិ ទោសាគតិ និងមោហាគតិ៕