(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះ បានឲ្យដឹងថា កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត» និង«សេចក្តីប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុងឆ្នាំ២០២៣ ផងដែរ។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការបន្តតាមដានការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង «ការពិនិត្យឡើងវិញ និងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន» ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

ឥណ្ឌូនេស៉ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ «អាស៊ានសំខាន់៖ ចំណុចកណ្តាលនៃកំណើន» ដើម្បីធានាថាអាស៊ានក្លាយជាចំណុចនៃកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

នៅក្នុងឱកាសនៃជំនួបខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថានឹងមានកិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីរបស់លោក ពីប្រទេសអាស៊ានមួយចំនួនផងដែរ៕