(ភ្នំពេញ)៖ លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា លោក ខៀវ សំផន មេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅមានជីវិត ដែលត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាលនោះ ត្រូវបានដាក់នៅទីតាំងឃុំដោយឡែក ប៉ុន្ដែស្ថិតក្នុងបរិវេណពន្ធនាគារខេត្តកណ្ដាល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក នុត សវនា បានបញ្ជាក់ថា ទីតាំងឃុំឃាំងសម្រាប់ដាក់ លោក ខៀវ សំផន គឺកែច្នៃពីអតីតផ្ទះរបស់មន្ដ្រី ដោយបូកបន្ថែមនូវរបងសុវត្ថិភាព ក្នុងនោះ ក៏មានមន្ដ្រីសម្រាប់ពិនិត្យសុខភាពរបស់លោក ខៀវ សំផន ជារៀងរាល់ថ្ងៃផងដែរ ដោយមួយថ្ងៃត្រូវពិនិត្យពីរដង។

លោក នុត សវនា បានថ្លែងយ៉ាងដូច្នេះថា «យើងបានរៀបចំកន្លែងថ្មីជាអតីតផ្ទះរបស់មន្ដ្រី សម្រាប់គាត់ [លោក ខៀវ សំផន] ដោយយើងបានកែសម្រួល ហើយមានរបងសុវត្ថិភាពសម្រាប់បរិវេណទីតាំងនោះដោយឡែកពីអ្នកទោសដទៃ។ ជារៀងរាល់ថ្ងៃ យើងមានមន្ដ្រីពេទ្យពិនិត្យសុខភាពគាត់ព្រឹកល្ងាចជារៀងរាល់ថ្ងៃ»

សូមជម្រាបថា សហព្រះរាជអាជ្ញា លោកស្រី ជា លាង និងលោក Fergal Gaynor បានចេញសេចក្តីប្រកាសអំពីការផ្ទេរ លោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន១១៣ នៃវិធានផ្ទៃក្នុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែលត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូនសហព្រះរាជអាជ្ញា។ អនុវត្តតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈសមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។

ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសារ។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ៕