(សៀមរាប)៖ ក្រោយពីបញ្ចប់ការងារច្រូតកាត់ ប្រមូលផលស្រូវរួចហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែបានរៀបចំពិធីចុះចាប់ត្រីរួមគា្នក្នុងបឹងអភិរក្សមួយ សម្រាប់រៀបចំពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមទម្លាប់របស់អ្នកភូមិធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។

នៅក្នុងពិធីចាប់ត្រីរួមគ្នានាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា ទំនៀមទម្លាប់ចាប់ត្រីរួមគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិបានសម្រេចយកថ្ងៃទី៣កើត ខែមាឃ ប៉ុន្តែដោយសារនៅថ្ងៃទី៣កើត ខែមាឃ ឆ្នាំនេះមានកម្មវិធីរវល់នៅក្នុងភូមិ ដូច្នេះហើយទើបលើកមកថ្ងៃទី១១កើត ខែមាឃនេះវិញ។ ទំនៀមទម្លាប់ចាប់ត្រីរួមគ្នារបស់ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង គឺមានតាំងលោកកុមារមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ ១៩៧០-១៩៧៥ ពិធីនេះត្រូវបានបាត់បង់ លុះក្រោយមកទើបប្រជាពលរដ្ឋនៅក្នុងភូមិបានសហការគ្នារៀបចំពិធីនេះឡើងវិញ​ ដើម្បីរក្សាទំនៀមទម្លាប់មួយនេះកុំឲ្យបាត់ និងបន្តរក្សារហូតដល់ក្មេងជំនាន់ក្រោយទៀត។

លោក ពេជ្រ ឃិន បានបន្តទៀត ទំនៀមទម្លាប់ចាប់ត្រីរួមគ្នានេះ ប្រជាពលរដ្ឋនៅក្នុងភូមិ​ បានត្រៀមនូវឧបករណ៍មានដូចជា៖ សំណាញ់ ឈ្នាង អង្រុត។ ទំនៀមទម្លាប់ចាប់ត្រីរួមគ្នានេះដែរ ចាប់ផ្តើមនៅវេលាម៉ោង ៧ព្រឹក ដោយមានគណៈកម្មការចាំប្រកាសមេក្រូ និងបាញ់កាំជ្រួញជាសញ្ញាផងដែរ។

លោក ភាក់ ហ៊ាងផេង ដែលជាអ្នកបង់សំណាញ់នៅក្នុងពិធីនេះ បានលើកឡើងថា នេះជាលើកដំបូងហើយសម្រាប់លោកដែលបានចូលរួមនៅក្នុងពិធីចាប់ត្រីរួមគ្ នារបស់ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ព្រោះលោកទើបមករស់នៅក្នុងភូមិនេះទើបតែបានរយៈពេលមួយឆ្នាំទេ។ លោកថា ពិធីចាប់ត្រីរួមគ្នានេះ បង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ និងមានការសាមគ្គីកាន់តែស្និទ្ធស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង។

ចំណែកយុវជន យឿត ដារ៉ា បានលើកឡើងថា ទំនៀមទម្លាប់ចាប់ត្រីរួមគ្នាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង សម្រាប់ស្រោចស្រពដំណាំផង និងជាបឹងអភិរក្សទៀត ហើយបន្ទាប់ពីប្រជាពលរដ្ឋប្រមូលទិន្នផលស្រូវរួច គណៈកម្មការបានសម្រេចជ្រើសយកថ្ងៃ ដើម្បីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតា។

សូមបញ្ជាក់ផងដែរ ចំពោះប្រជាពលរដ្ឋដែលអាចចុះចាប់ត្រីនៅក្នុងបឹងនេះបាន គឺសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ ហើយក៏មិនអនុញ្ញាតឱ្យអ្នកភូមិផ្សេងចុះចាប់ត្រីនោះទេឡើយ៕