(ភ្នំពេញ)៖ លោក ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតក្រុមការងារយុវជនសង្កាត់នាំយកឯកសារ ពាក់ព័ន្ធនានា ដែលបម្រើដល់ប្រជាពលរដ្ឋនៅតាមផ្ទះបានចំនួន ៥៧៤ឯកសារ (គិតត្រឹមចុងខែមករា ឆ្នាំ២០២៣) ក្រោយឯកសារទាំងនោះបានធ្វើរួចរាល់នៅតាមសង្កាត់ ដោយមិនចាំបាច់ឲ្យប្រជាពលរដ្ឋមកយកនៅ សង្កាត់ដោយខ្លួនឯងនោះឡើយ។

ការបង្កើតក្រុមការងារនេះ ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ក្រុមការងារនេះអនុវត្តការងារតាមការណែនាំរបស់ប្រធាន ដោយភាពទទួលខុសត្រូវខ្ពស់ ដោយបានយកឯកសារដែលចុះហត្ថលេខា និងវាយត្រារួចពីសង្កាត់ទៅជូនពលរដ្ឋដល់ផ្ទះ មិនថាពេលយប់ ឬពេលថ្ងៃ សំខាន់នៅពេលដែលពលរដ្ឋគាត់ទំនេរ។

លោក សាន សុខសីហា ជំនួយការលោក ស ថេត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ឯកសារដែលក្រុមការងារយុវជនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនាំទៅប្រគល់ដល់ ផ្ទះរួមមាន៖ ឯកសារបញ្ជាក់ទីលំនៅ, ឯកសារបញ្ជាក់នៅលីវ, ឯកសារបញ្ជាក់សំបុត្រកំណើត, ឯកសារបញ្ជាក់សេចក្តីចម្លងសំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារមរណភាព ព្រមទាំងឯកសារផ្សេងៗទៀត។

លោក សាន សុខសីហា បានបញ្ជាក់ថា «ការបង្កើតក្រុមការងារយុវជននេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់លោក ស ថេត ក្នុងនាមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់បឹងទំពុន១ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ការផ្ដល់សេវាទូទៅជូនប្រជាពលរដ្ឋ ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន»

ទន្ទឹមនឹងនេះដែរ លោក ស ថេត តែងតែចុះផ្ទាល់ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីការរស់នៅ ព្រមទាំងផ្តល់ជាថវិកា និងសម្ភារមួយចំនួនជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំង ចាស់ ជរាគ្មានទីពឹង ដូចជាជនពិការជរាជាដើម។ ក្រៅពីក្រៅពីនោះវិញ លោកក៏បានណែនាំឱ្យក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំស្វែងយល់ពីផលលំបាក បញ្ហាប្រឈម ដើម្បីធ្វើម៉េចដោះស្រាយបញ្ហាផ្សេងៗទៀត ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

ទាក់ទងនឹងការអភិវឌ្ឍនៅក្នុងសង្កាត់ ក៏ដូចគ្នាគឺលោក ស ថេត បានចំណាយថវិកាផ្ទាល់ក្នុងការសាងសង់ផ្លូវបេតុងចំនួន ២ខ្សែដែលមានប្រវែងជិត២០០ម៉ែត្រ និងបានបំពាក់អំពូលសូឡាជិត៣៥០អំពូល នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុន ធ្វើឱ្យភូមិសាស្ត្រនេះ គឺមានភ្លើងបំភ្លឺស្ទើរតែគ្រប់ទីកន្លែងទាំងអស់។

បន្ថែមពីនេះ លោក ស ថេត បានសាងសង់នៅមន្ទីរបក្សថ្មីមួយ ក្នុងសង្កាត់បឹងទំពុនទី១នេះ, សាងសង់សាលាឆទានសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតា អាចចូរគោរពប្រតិបត្តិតាមបែបព្រះពុទ្ធ សាសនាបាន ហើយក្រៅពីនេះទៀតលោកតែងតែយកចិត្តដាក់ធ្វើដើម្បីឱ្យមូលដ្ឋាននេះមានការអភិវឌ្ឍ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានភាពងាយស្រួល ជាពិសេសកត្តាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ត្រូវគ្នាគេត្រូវបានយកចិត្តទុកដាក់បំផុត៕