(ឧត្តរមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញ តួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារនគរបាលសហគមន៍។

ពិធីនេះដែរបានប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល តំណាងលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ រួមទាំងមន្ត្រីពាក់ព័ន្ធ និងមន្រ្តីនគរបាលប៉ុស្តិ៍មកពីបណ្តាល ក្រុង ស្រុក ជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់មតិស្វាគមន៍ និងរបាយការណ៍ដែលអានដោយឧត្តមសេនីយ៍ទោ ហួត សុធី រួចមក លោកឧត្តមសេនីយ៍ទោ មាស លឹមតុង បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ទាំងអស់ នៅពេលនេះ គឺមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការងារបម្រើសេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកប​ដោយតម្លាភាព ប្រសិទ្ធភាពដើម្បីបង្កើនសមត្ថភាព គុណភាព ការងារដល់នគរបាលតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ទាំងអស់ ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៍ ភាពស្មោះត្រង់ជាមួយពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ មាស គឹមតុង ក៏បានថ្លែងណែនាំដល់មន្រ្តីរដ្ឋបាលនគរបាលរដ្ឋបាលប៉ុស្តិ៍គ្រប់រូប ត្រូវខិតខំរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីអនុវត្តការងារររបស់ខ្លួននៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត៕