(ភ្នំពេញ)៖ លោក ខៀវ សំផន មេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅមានជីវិត ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតរបស់លោក។

សហព្រះរាជអាជ្ញា លោកស្រី ជា លាង និងលោក Fergal Gaynor បានចេញសេចក្តីប្រកាសអំពីការផ្ទេរ លោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន១១៣ នៃវិធានផ្ទៃក្នុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែលត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូនសហព្រះរាជអាជ្ញា។ អនុវត្តតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈសមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។

ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។

លោក ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ឬ «របបខ្មែរក្រហម» និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទីលេចធ្លោជាងគេ ក្នុងមុខនាទីជាគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។

ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ក្រោយការស៊ើបអង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែកពីគ្នា។

ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេចឱ្យលោក នួន ជា និងលោក ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។

ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការបណ្តឹងសាទុក្ខ ទោសជាប់ពន្ធនាគារអស់មួយជីវិតត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។

ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេចឱ្យលោក នួន ជា និងលោក ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។

ជនជាប់ចោទទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការជំនុំជម្រះវគ្គទីពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ (នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់)។

មេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា រួមទាំង ខៀវ សំផន បានហាមឃាត់ការគោរពប្រតិបត្តិគ្រប់សាសនា ជម្លៀសទីក្រុង និងទីប្រជុំជននៅក្នុងប្រទេសកម្ពុជា ហើយបានប្រែក្លាយប្រជាជនជាទាសករ លុបបំបាត់លុយ និងទីផ្សារ និងប្រមូលប្រជាជនបញ្ចូលគ្នានៅតាមសហករណ៍ដោយបង្ខំ។ របបនេះបានបំបែកបំបាក់គ្រួសារ ដោយមិនឱ្យរស់នៅជួបជុំគ្នា ការបង្ខំឱ្យរៀបអាពាហ៍ និងរួមរស់ជាមួយគ្នាក្រោមការគំរាមកំហែងនៃការសងសឹក។ របបនេះបានសម្លាប់មនុស្សរាប់លាននាក់តាមអំពើចិត្តដែលជាពលរដ្ឋស្លូតត្រង់។ នៅក្នុងការខិតខំលាក់់កំបាំងដើម្បីបង្កើតជាប្រព័ន្ធកសិកម្ម របបនេះបានបង្ខំមនុស្សរាប់លាននាក់ធ្វើស្រែចំការ និងលើកទំនប់ ជីកប្រព័ន្ធធារាសាស្រ្តដោយពុំបានគិតគូរឱ្យបានហ្មតចត់។ ប្រជាជនកម្ពុជាភាគច្រើនស្គមស្គាំង និងពុំទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដ និងថ្នាំសង្កូវត្រឹមត្រូវ ហើយប្រជាជនរាប់សែននាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការបាក់កម្លាំង។

ការជំនុំជម្រះលើសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន បានធ្វើការវិន្និច្ឆ័យយ៉ាងយុត្តិធម៌ និងហ្មតចត់ចំពោះការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ពួកគេ ដែលបានបង្កឱ្យប្រជាជនកម្ពុជារាប់លាននាក់រងទុក្ខវេទនា។ ការជនុំជម្រះនេះបានធ្វើឡើងរយៈពេលជាង ៥០០ថ្ងៃ ដោយបូកបញ្ចូលទាំងដំណាក់ការជំនុំជម្រះនៅសាលាដំបូង និងដំណើរការបណ្តឹងសាទុក្ខ និងបានស្តាប់សក្ខីកម្មសាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញចំនួន២៨០នាក់។ ជនរងគ្រោះជាច្រើនមានឱកាសតទល់ជាមួយ ជនជាប់ចោទទាំងពីរនាក់ក្នុងអំឡុងពេលដំណើរការជំនុំជម្រះ ហើយរាប់ពាន់នាក់ទៀតអាចចូលរួមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងបានរៀបរាប់រឿងរ៉ាវរបស់ពួកគេ។ ប្រជាជនកម្ពុជាចំនួនជាង ២០ម៉ឺននាក់ បានចូលរួមសវនាការជំនុំជម្រះនៅសាលាដំបូងដោយផ្ទាល់ និងបានឃើញ និងស្តាប់សក្ខីកម្ម របស់ជនរងគ្រោះ ជនដៃដល់ និងអ្នកជំនាញអំពីព្រឹត្តិការណ៍ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជា។

ការជំនុំជម្រះលើសំណុំរឿង ០០២ តំណាងនូវការផ្តន្ទាទោសលើរបបឃោរឃៅបំផុតមួយនេះ បន្ទាប់ពីការកាត់ក្តីមេដឹកនាំណាហ្ស៊ីនៅតុលាការនូរ៉មប៊ឺក(ប្រទេសអាល្លឺម៉ង់) នៅក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ដំណើរការនីតិវិធីនេះបាននាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហមរាប់លាននាក់។ ការជំនុំជម្រះក្តីនេះ បានរួមចំណែកយ៉ាងធំធេងដល់ដំណើរការរក្សាភស្តុតាងនៃអំពើឃោរឃៅយង់ឃ្នង ដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំខ្មែរក្រហម និងបានធ្វើឱ្យសាធារណជនយល់ដឹងអំពីរបៀបដែលសម័យសោកនាដកម្មនោះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបានកើតឡើង៕